លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃនេះដែរលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ម៉ាសបន្ថែមចំនួន៧៥០០០ម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ ទទួលដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងបរិវេន អាគាររដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ មានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ក្នុងរយៈកាល១០ថ្ងៃកន្លងទៅ ព្រះសហគមន៍កាតូលិក បានចែកជូនម៉ាសដល់សង្កាត់ចំនួន៥០នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងមួយសង្កាត់ចំនួន ១ម៉ឺនម៉ាស សរុបចំនួន៥០ម៉ឺនម៉ាស។ លោកអភិបាលបញ្ជាក់ថា «ក្នុងថ្ងៃនេះ ខ្ញុំជូន ថែមទៀត៧៥០០០ម៉ាស់ ដើម្បីចែកជូនថែមទៀតតាមតម្រូវការដែលមានសព្វថ្ងៃ»។

ម្យ៉ាងទៀតលោកអភិបាលបានរំលឹកថា ក្នុងរយៈកាលកន្លងមកនេះ អង្គការការីតាសកម្ពុជានិងព្រះសហគមន៍កាតូលិក បានខិតខំយកចិត្តទុកដាក់ចែកម្ហូបអាហារដល់ប្រជាជនជាច្រើនកន្លែង ក្នុងរាជធានិភ្នំពេញ ប្រមាណជា១ម៉ឺនគ្រួសារ។ កិច្ចការនេះជាសញ្ញាបង្ហាញ ពីការសហការគ្នា និងយកចិត្តទុកដាក់ ចូលរួមគោរពវិធានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន៣កុំនិង ៣ការពារ ដើម្បីយើងអាចយកឈ្នះមេរោគឆ្លងកូវីដ១៩ក្នុងពេលឆាប់ៗនេះ។

លោកហួត ហៃ អភិបាលរងរាជសាលាធានីភ្នំពេញ ក្នុងនាមលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោកអភិបាលព្រះសហគមន៍កាតូលិក ដែលបានយកម៉ាសទាំងនេះមកជូនដល់សាលារាជធានីភ្នំពេញ។ លោក បន្ថែមថា ម៉ាសដែលបានទទួលនៅថ្ងៃនេះ លោកនឹងចែកជូនបន្តទៅកាន់ប្រជាពលរដ្ឋ ដើម្បីរួមជាមួយគ្នាទប់ស្កាត់កូវីដ១៩នៅក្នុងប្រទេស ឲ្យខានតែបាន។

ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយ៉េ បានប្រគល់នូវសៀវភៅប្រវត្តិសាស្ត្រ និងសៀវភៅរបាយការណ៍មួយចំនួនរបស់ព្រះសហគមន៍កាតូលិកក្នុងសម័យពីដើមរហូតដល់ពេលបច្ចុប្បន្នជូនលោក ហួត ហៃ ផងដែរ។

បន្ទាប់ពីពិធីប្រគល់ម៉ាស លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍មកកាន់ RVAKhmer ថាអាគារដ៏ចំណាស់របស់រដ្ឋបាលរាជធានីភ្នំពេញ ជាអតីតគេហដ្ឋានរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគ ភ្នំពេញពីដើម គឺនៅមុនពេលខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ នៅភាគខាងត្បូងអាគារនេះ ជាវិសាលវិហារ ព្រះគ្រីស្តជាព្រះមហាក្សត្រ ដែលខ្មែរក្រហមបានបំផ្លាញចោល។

លោកអភិបាលភូមិភាគភ្នំពេញរូបនេះ បន្តថា អាគារនេះមានអាយុកាល១០០ ឆ្នាំ និងជាកន្លែងប្រវត្តិសាស្ត្រពិតមែន។ ពីឆ្នាំ១៩៥២ ដល់១៩៧៥ លោក អភិបាលអ៊ីវ រ៉ាមូស ប្រើអាគារនេះជាស្នាក់ចាត់ចែងកិច្ចការព្រះសហគមន៍ ក្នុងភូមិភាគភ្នំពេញ។ ថ្ងៃទី១៤១ មេសា ៩៧៥ លោកអភិបាលខ្មែរ ម្នាក់បានទទួលការតែងតាំង គឺលោក ឆ្មារ សាឡាស ជាលោកបូជាចារ្យខ្មែរ ជាអភិបាលដំបូងបង្អស់ក្នុងប្រវត្តិព្រះសហគមន៍នៅកម្ពុជា។

លោកបន្តថា នៅថ្ងៃទី១៧ មេសា ១៩៧៥ លោកអភិបាលថ្មី រួមជាមួយបូជាចារ្យផ្សេងៗទៀត ជួបជុំគ្នា ក្នុងបន្ទប់អាគារនេះ និងសម្រេចចិត្តរស់នៅបែកគ្នា រវាងបូជាចារ្យខ្មែរ និងបរទេស។ ជនជាតិបារាំងត្រូវចូលក្នុងស្ថានទូតបារំាងមុនបញ្ជូនទៅចេញទៅប្រទេសថៃ។ លោកបូជាចារ្យខ្មែរត្រូវខ្មែរក្រហមជម្លៀសចេញ រួមជាមួយប្រជាជនចេញពីក្រុងភ្នំពេញ លោកអភិបាល ឆ្មារ សាឡាស លោកសម្រើន សាឡឹម បានជម្លៀសទៅនៅតាំងគោក។

លោកអូលីវីយ៉េបានរំឭកពាក្យលោកអភិបាលឆ្មារ សាឡាស មុនបែកពីលោកបូជាចារ្យសាសនទូតទាំងអស់ថា «សូមនិយាយអំពីយើងដល់ពិភពលោក »។ លោកបន្ថែមថា «ដូច្នេះពេលនេះខ្ញុំនិយាយ នឹកដល់មរណសាក្សី ដល់បងប្អូនខ្មែរ ដែលរងទុក្ខលំបាកពីដើម ដែលបានតស៊ូយ៉ាងច្រើន។ សូមអរគុណព្រះជាម្ចាស់ ដែលណែនាំឲ្យប្រទេសកម្ពុជា សព្វថ្ងៃមានសុខសន្តិភាព មានការរីកចម្រើន មានសុខដុមរមនា»។

ជាចុងក្រោយលោកអភិបាល ផ្តាំផ្ញើឲ្យយើងទាំងអស់គ្នា រកឃើញសេចក្តីសុខសាន្តឆាប់ៗនេះ ដោយសារពិតមែន មេរោគកូវីដ១៩ នាំឲ្យយើងពិបាក ដូច្នេះម៉ាស ដែលលោកបានជូន ដល់សាលារាជធានីភ្នំពេញ ជារបៀបដែលទាំងអស់គ្នាត្រូវសហការគ្នា ជាគ្រួសារតែមួយដោយការថែរក្សាជានិច្ច គោរពវិធាន ៣កុំ និង៣ការពារ ដើម្បីឲ្យយើងឈ្នះកូវីដ១៩ ឆាប់ៗនេះ៕

Facebook
Twitter
LinkedIn