ព្រះបន្ទូលសំរាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ១០ៈ ៣២-៤៥

ព្រះយេស៊ូប្រកាសជាលើកទីបី​អំពីព្រះអង្គចូលទិវង្គត
ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ ក្រុង​យេរូសាឡឹម​ជាមួយ​ក្រុម​សាវ័ក។​ព្រះអង្គ​យាង​នាំ​មុខ​គេ ​ក្រុម​សាវ័ក​ភ័យ​ខ្លាច​ជាខ្លាំង‌‌‌‌​ ‌រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏ភិត​ភ័យ​ដែរ។​ ព្រះ​យេស៊ូ​នាំ​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជាថ្មី‌​ រួច​មាន​ព្រះ​បន្ទូល​អំពី​ហេតុ​ការណ៍​ ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖​ ‌«ឥឡូវ​នេះ​ យើង​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​បុត្រ​មនុស្ស​ នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​នាយក​បូជា​ចារ្យ​ និង​ពួក​ធម្មា​ចារ្យ។​ គេនឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​ របស់​សាសន៍​ដទៃ។​ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក​ ព្រមទាំង​ស្តោះ​ទឹក​មាត់​ដាក់​លោក​ផង។​ គេនឹង​វាយ​ធ្វើបាប​លោក​ រួច​ប្រហារ​ជីវិត​លោក។​ ប៉ុន្តែ​បីថ្ងៃ​ក្រោយ​មក‌​លោក​នឹង​រស់​ឡើង​វិញ»។

សំណូមពររបស់លោកយ៉ាកុប  និង  លោកយ៉ូហាន
‌‌‌បន្ទាប់ ​មក​‌លោក​យ៉ាកុប‌​ និង‌​លោក​យ៉ូហាន ​ជាកូន​លោក​សេបេដេ​ ចូល​មក​គាល់​ព្រះ​យេស៊ូ​ទូល​ថា៖‌​ «ព្រះ​គ្រូ!‌ ​សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើងខ្ញុំ​ផង»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរគេ​ថា៖​ «តើអ្នក​ទាំងពីរ​ចង់ឲ្យ​ខ្ញុំធ្វើ​អ្វី?»។​ គេ​ទូល​ព្រះ​អង្គ​ថា៖​ «ពេល​ព្រះគ្រូ​គ្រង​រាជ្យ  ​ប្រកប​ដោយ​សិរី​រុង​រឿង​ សូម​ប្រទាន​ឲ្យ​យើងខ្ញុំ​បាន​អង្គុយ​អម​ព្រះគ្រូ​ផង​ គឺ​ម្នាក់​នៅ​ខាង​ស្តាំ‌​ ម្នាក់​នៅ​ខាង​ឆ្វេង»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​«អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំអ្វី​ឡើយ​ តើអ្នក​អាច​ទទួល​ពែង​ដែល​ខ្ញុំត្រូវ​ទទួល​នោះ​បាន​ឬទេ?​ អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬទេ? »។​ គេ​ទូល​ព្រះអង្គ​ថា៖‌​«យើងខ្ញុំ​អាច​ទទួល​បាន»។​ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ ‌‌«អ្នក​នឹង​ទទួល​ពែង​ ដែល​ខ្ញុំត្រូវ​ទទួល​‌និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំត្រូវ​ទទួល​បាន​មែន​ ‌៤០ ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្តាំ‌​ ឬ‌​ខាង​ឆ្វេង​ខ្ញុំ​‌​ខ្ញុំមិន​អាច​សម្រេច​បាន​ឡើយ‌​ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែអ្នក​ដែល​ព្រះជា​ម្ចាស់​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។​

កាល​សាវ័ក​ដប់រូប​ទៀត​បាន​ឮ​ដូច្នោះ​ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​ខ្លាំង។​ ព្រះ​យេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​អស់​ មក‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់​គ្រង​ស្រុក​តែង​ជិះ​ជាន់​ប្រជា​រាស្ត្រ​របស់​ខ្លួន​ រីឯ​អ្នក​ធំ​តែង​តែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា​រាស្ត្រ។​ ‌ក្នុង​ចំណោម​អ្នក​រាល់គ្នា‌​មិន​មែន​ដូច្នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ ត្រូវឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។​ ក្នុង​ចំណោម​អ្នក​រាល់​គ្នា‌​ បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ‌​ត្រូវ​ធ្វើជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន​ ដ្បិត​បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​ មិន​មែន​ដើម្បី​ឲ្យគេ​បម្រើ​លោក​ឡើយ​‌គឺលោក​មក​បម្រើ​គេ​វិញ​ ព្រមទាំង​បូជា​ជីវិត‌​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់​ឈ្មោះបារទីមេ​ ឲ្យបានភ្លឺ។

Facebook
Twitter
LinkedIn