ព្រះវិហារគ្រួសារដ៏វិសុទ្ឋអ្នកលឿង មានទីសក្ការសម្រាប់ព្រះនាងម៉ារីនៃហ្វាទីម៉ា

រូប​សំណាក​ព្រះនាង​ម៉ារីនៃ​ហ្វាទីម៉ា បាន​ដាក់​តម្កល់​នៅមុខ​ព្រះវិហារ​គ្រួសារ​ដ៏​វិសុទ្ធ​នៅ​ព្រះសហគមន៍​អ្នក​លឿង​ និង​ប្រោស​ទឹក​ព្រះពរ ដោយ​លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោកបូជាចារ្យវ៉ូសាំង សេរ៉ាល់ជាបូជាចារ្យគ្រប់គ្រង់តំបន់អ្នកលឿង។  

ក្នុង​បរិបទ​កូវីដ​១៩ ពិធីនេះប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ ដែលមាន​ការ​ចូលរួម​ពី​ដូនជី​កាតូលិក គណៈកម្មការព្រះសហគមន៍ និង តំណាងគ្រីស្តបរិស័ទមួយចំនួន កាលពីថ្ងៃអាទិត្យទី១៦ ខែ ឧសភា ឆ្នាំ២០២១។

ដូនជី ម៉ារីយ៉ា​ ង្វៀន ធី ទៀត ហឿង បំពេញបេសកម្មនៅព្រះវិហារអ្នកលឿង មាន​ប្រសាសន៍ថា «គ្រីស្តបរិស័ទ(នៅទីនេះ)ចូលចិត្តអធិដ្ឋានតាមរយៈព្រះនាងម៉ារី ដូចនេះបើមានរូបសំណាកព្រះនាងម៉ារីគឺកាន់តែជួយខាងជំនឿពួកគាត់ប្រសើឡើង។»

ដូនជី​រូបនេះបន្ថែមថា កន្លែងព្រះនាងម៉ារីនេះគឺសម្រាប់មនុស្សទាំងអស់ ទាំង​អ្នក​ជឿ​និង​អ្នក​មិន​ជឿ ដែលចង់អធិដ្ឋាន សម្រាប់​ផ្ទាល់ខ្លួន និងជាក្រុម។ ដូនជី​ម៉ារីយ៉ា បន្ត​ថា រូង​ថ្មនេះ ធ្វើ​ឡើង​គឺ​ដើម្បីបង្ហាញពីវត្តមានព្រះនាងម៉ារីទៅអ្នកផ្សេងដែលមិនមែនជាគ្រីស្តបរិស័ទឲ្យបានស្គាល់ និង ដើម្បីសុំព្រះ​នាងម៉ារីជួយថែរក្សាការពារព្រះសហគមន៍និងគ្រីស្តបរិស័ទរួមទាំងប្រជាជននៅតំបន់អ្នកលឿងក៏ដូចជា​ប្រទេសកម្ពុជាទាំងមូល។

រូបសំណាកព្រះនាងម៉ារីនេះ ធ្វើពីថ្ម និងយក​តាម​រចនាបថព្រះនាង​ម៉ារីបង្ហាញ​ខ្លួននៅហ្វាទីម៉ា មានទំងន់​ជាង៨០០គីឡូក្រាម ដែល​មាន​គ្រងឈុតពណ៌ស លម្អរដោយមកុដធ្វើអំពីស្ពាន់លាយប្រាក់ ដៃប្រណមអមដោយខ្សែផ្គាំ បាន​តម្កល់នៅរូងថ្មទំហំបណ្តោយ១៥ម៉ែត្រនិងកម្ពស់៧ម៉ែត្រ នៅខាងមុខព្រះវិហារគ្រួសារដ៏វិសុទ្ឋ​អ្នកលឿង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៦ឃុំព្រែកខ្សាយ(ខ) ស្រុក​ពាមរ ខេត្តព្រៃវែង។

រូបសំណាក់ព្រះនាងម៉ារីនិងរូងថ្មនេះ អាចបញ្ចប់បានដោយជោគជ័យគឺក្រោមការជួយជ្រោមជ្រែងនិង ការចូលរួមវិភាគទានរបស់បងប្អូនគ្រីស្តបរិស័ទចំណុះ​ព្រះវិហារផ្ទាល់និង មួយចំណែកទៀតជាថវិកាផ្ទាល់ខ្លួនពីលោកអភិបាលភូមិភាគកំពង់ចាម លោកបូជាចារ្យវ៉ូសាំង សេរ៉ាល់ និង បងស្រី២នាក់នៅតំបន់អ្នកលឿង សរុបទឹកប្រាក់នៃសាងសង់គឺប្រមាណជា២០,៥០០$ អាមេរិក៕

ដោយ៖ រឿ​​ន ស្រីម៉ាច

Facebook
Twitter
LinkedIn