ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២

តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបាន​​ផ្ដល់នូវគ្រឿងឧបភោគបរិភោគ​ដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃចន្ទ ទី​២៤ ខែ​មេសា ដែលជា​ការ​ចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។

ការ​នាំយក​គ្រឿ​ងឧបភោគបរិភោគនេះ​ ដឹកនាំ​ដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នក​ទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាម​ការ​ស្នើ​សុំ​របស់​​អាជ្ញាធរមូលដ្ឋាន ក្នុង​ពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល​ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីករាលដាល​ជំងឺកូវីដ១៩។

អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រង​បឹងទំពុនទី​២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។

អ្នកស្រី បុប្ផា ក៏បាន​ប្រកាសនូវការ​រក្សាចំណងមិត្តភាពរវាងព្រះសហគមន៍ជាមួយនឹងអាជ្ញាធរដែនដីដើម្បីជួយដល់ជនក្រីក្រនៅក្នុងតំបន់បឹងទំពុនទៅមុខទៀត។

លោកស្រី​បាន​មានប្រសាសន៍​នាពេល​នោះថា ៖ «ទឹកចិត្តសប្បុរសធម៌នេះ សូមលោក លោកស្រី ទទួលបាននូវបុណ្យកុសល មានសេចក្តីសុខ សេចក្តីចំរើន ហើយអំណោយទាំងអស់នេះសាលាសង្កាត់បានរៀបចំចាត់ចែងភ្លាមដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត»។

លោកបូជាចារ្យដាមីញ៉ាំង បានឆ្លើយតបដោយស្នើទៅសាលាសង្កាត់សម្រាប់កិច្ចសហការក្នុងការជួយអ្នកក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងសាហាវនេះ។

លោកមានប្រសាសន៍ថា ៖ «ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រីករាយនឹងសហការជាមួយអាជ្ញាធរ និងផ្ដល់ជូននូវកម្លាំង និងមធ្យោបាយក្នុងការដឹកជញ្ជូនប្រសិនបើអាជ្ញាធរត្រូវការ»។

គ្រឿងឧបភោគ​បរិភោគដែលព្រះសហគមន៍ព្រះកុមារយេស៊ូបាន​ផ្តល់ជូននាពេលនោះមាន មីខ្លាឃ្មុំចំនួន៥០កេស , ត្រីខចំនួន ៥០យួរ, ទឹកដោះគោស្រស់ ៤កេស និងប្រេងឆាចំនួន ១០០ដប៕

Facebook
Twitter
LinkedIn