សមាគមសប្បុរសធម៌ សន្តវិនសេនដឺប៉ូលកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រចំនួន​១០គ្រួសារ

សមាគមសប្បុរសធម៌ សន្តវិនសេនដឺប៉ូលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២១​  បាននំាយក នូវគ្រឿងឧបភោគបរិភោគ ជូនដល់​គ្រួសារក្រីក្រនិងចាស់ជរាចំនួន​១០គ្រួសារ ដែលកំពុងជួបការលំបាកខ្វះស្បៀង ក្នុង​អំឡុងពេលនៃការ​ផ្ទុះ​វីរុស​កូវីដ១៩នេះ។

លោក ផាន បូរ៉ា ជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមសប្បុរសធម៌សន្តវិនសេនដឺប៉ូលកម្ពុជា បានប្រាប់​ឱ្យ​ដឹង​ថា គ្រឿងឧបភោគបរិភោគ ដែលសមាគម​ផ្តល់ជូនគ្រួសារនីមួយៗដែលកំពុងខ្វះខាតអំ​ឡុងពេលកូវីដ១៩ រួមមាន អង្ករ១៥គីឡូ ទឹកត្រី ប្រេងឆា ប៊ីចេង ស្ករ អំបិល និងមី  ដែលជាថវិការផ្ទា​ល់​របស់សមាគម។

លោកបន្តថា ៖ «អ្នកក្រីក្រនិងចាស់ជរាទំាង១០គ្រួសារនេះ ភាគច្រើនពួកគាត់អាយុពី៧០-៨០ ឆ្នាំ ហើយពួកគាត់រំពឹងលើកូនៗរបស់គាត់ ជាអ្នកធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញផ្ញើប្រាក់ឲ្យពួកគាត់»។

លោក ផាន បូរ៉ា ​បាន​​បន្ថែម​ថា ស្របពេលកើតមាន​ការ​ផ្ទុះខ្លាំងនូវ​ការរីករាលដាលនៃវីរុសកូវីដ១៩ បានផ្ទុះឡើង កូនៗរបស់ពួកគាត់មិនបានផ្ញើប្រាក់ឲ្យពួក​គាត់​ទៀតទេ ដែល​ធ្វើឲ្យពួកគាត់ខ្វះខាតស្បៀងយ៉ាងនេះ។

លោកថា សមាគមបានសហការជាមួយនឹងអាជ្ញាធរភូមិ ដើម្បីប្រគល់ស្បៀងជូនពួកគាត់ ដែល​ពួកគាត់ទំាង១០គ្រួសារមកពី៥ភូមិផ្សេងៗគ្នា ក្នុងនោះមាន​ ភូមិកោះចាស់ ភូមិកោះកំពង់ត្រុំ ភូមិកោះប៉ែន ភូមិចុងខ្សាច់ និងភូមិកោះដាច់ ដែលស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ​២០២១ ខាងមុខនេះ សមាគមសប្បុរសធម៌ សន្ត​វិនសេនដឺប៉ូលកម្ពុជា ក៏នឹងមានគម្រោងយកស្បៀងជូនគ្រួសារក្រីក្រ១០គ្រួសារថែមទៀត ដែលមានទីតាំងនៅ សង្កាត់សំបួរ​មាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

Facebook
Twitter
LinkedIn