លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»

លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បាន​លើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺ​ជាកត្តាសំ​ខាន់ដែលកើតមាន​លើ​​បុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។

លោកបូជាចារ្យ ឃេវិន បាន​ថ្លែងឡើងដូចនេះ​​កាល​ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ជាមួយនឹង​ក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក​បានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។

លោក​បូជាចារ្យរូបនេះ បាន​បន្តថា ប្រជាជនមួយចំនួនធំនៅតាមសហគមន៍មានការព្រួយបារម្ភច្រើនអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាបញ្ហាមួយផ្នែក ហើយមួយផ្នែកទៀតគឺ​ការ​ភ័យបារម្ភ​ ដោយសារការ​ទទួលនូវ​ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានភាពច្របូកច្របល់។ លោកថា៖ «ស្ថានភាពដែលកំពុងប្រឈមខ្លាំងគឺធ្លាក់ទៅលើ កម្មកររោងចក្រ ពលករចំណាកស្រុកដែលទើបតែត្រឡប់មកពីក្រៅប្រទេស និងប្រជាជនក្រីក្រ»។

លោកបូជាចារ្យ ឃេវិន បាន​បន្ថែមទៀតថា ចំពោះយុវជន និងកុមារ ការសិក្សាជារឿងចាំបាច់បំផុត ប៉ុន្តែពួកគាត់មិនអាចទៅសាលាបាន ហើយរយៈពេលជាងមួយឆ្នាំមកនេះការសិក្សារបស់សិស្សសាលាមិនទៀងទាត់ រីឯការៀនតាមអនឡាញក៏ផ្ដល់ផលលំបាកចំពោះយុវជន និងកុមារនៅកម្ពុជាផងដែរ។

លោកថា ៖ «កត្តាទាំងនេះហើយ ជា​ផលប៉ះពាល់ ជាសម្ពាធផ្លូវចិត្តចំពោះកុមារ យុវជន និងអាណាព្យាបាលរបស់សិស្ស»។

កញ្ញា គឹម សាឡាត់ ជាកម្មការិនីរោងចក្រក្នុងតំបន់កាណាឌីយ៉ា ក្នុងសង្កាត់ស្ទឹងមានជ័យ ដែលជាតំបន់​ត្រូវ​បាន​រដ្ឋបាលរាជធានីភ្នំពេញដាក់ជាតំបន់ក្រហម ដោយមិនអាចធ្វើដំណើរចេញក្រៅផ្ទះ បានឱ្យដឹងថា ​ដោយសារតែមានអ្នកធ្វើការរោងចក្រឆ្លងជំងឺកូវីដ១៩នេះច្រើន ជាពិសេសអ្នកជិតខាងរបស់​បន្ទប់ជួលនាង បានធ្វើឱ្យនាងមាន​ការ​ភ័យតក់ស្លុតជាខ្លាំង។

កញ្ញាបាន​និយាយថា ៖ «ខ្ញុំភ័យ ញ័រដៃញ័រជើងលែងឃ្លានបាយ ជាពិសេសនៅពេលឃើញឡានពេទ្យតម្រង់ជួរគ្នាមកទទួលអ្នករោងចក្រទៅព្យាបាល។ បច្ចុប្បន្ននេះពួកខ្ញុំពិបាកមែនទែន ទោះបី​ជា​មានលុយក៏ពិបាករកទិញអាហារដែរ ព្រោះមិនសូវមានអ្នកលក់ ហើយពេលចេញក្រៅ​ម្តង គេឲ្យពេលតែ៥នាទីរត់ចង់ដាច់ខ្យល់»។

រីឯលោក ម៉ៃ វឌ្ឍនា ទីប្រឹក្សារាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានផ្ទះនៅតំបន់ស្ទឹងមានជ័យដែរនោះបានឱ្យដឹងថា ក្នុងនាមជាអាណាព្យាបាលកូនបីនាក់ដែលកំពុងតែសិក្សាតាមអនឡាញដូចដែលក្រសួងអប់រំយុវជននិងកីឡាបានកំណត់ លោកយល់ថា ការរៀនតាមរយៈអនឡា​ញមិនដូចទៅរៀននៅសាលាទេ គឺឪពុកម្ដាយត្រូវមានការយកចិត្តទុកដាក់ខ្ពស់ដោយត្រូវជួយបង្រៀនកូនៗថែមទៀត ហើយតម្លៃការសិក្សាដែលកំណត់ដោយសាលាគឺនៅដដែល។

លោកបាន​មាន​ប្រសាសន៍ថា ៖ «នេះជាអម្រែក មួយទៀតដែលធ្លាក់លើឪពុកម្ដាយទាំងពេលវេលា​និងថវិកាដែលប៉ះពាល់ដល់សតិអារម្មណ៍របស់ឪពុកម្ដាយ»។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ ព្រះសហគមន៍កាតូលិក ជាពិសេសភូមិភាគភ្នំពេញ បានយកចិត្តទុកដាក់លើ​អ្នកដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាពិសេសនៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល​។

តាមរយៈលោកអភិបាលអូលីវីយេ អភិបាលភូមិភាគភ្នំពេញ និងអង្គការការីតាសកម្ពុជា បានចូលរួមជាគ្រឿងបរិភោគដល់​អ្នកដែលកំពុងតែខ្វះខាត និងមានកម្មវិធីអធិដ្ឋានជារៀងរាល់ថ្ងៃតាមប​ណ្ដា​ញសង្គមផងដែរ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យមានសង្ឃឹមឡើងវិញ៕

Facebook
Twitter
LinkedIn