ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១
សន្តយ៉ូសែប៖ ព្រះជាម្ចាស់ត្រាស់ហៅ តាមសុបិននិមិត្ត
បងប្អូនជាទីស្រឡាញ់
ថ្ងៃទី ៦ ខែធ្នូកន្លងមក ជាខួប១៥០ឆ្នាំ ដែលព្រះសហគមន៍ប្រកាសថា សន្តយ៉ូសែប ជាឧបការី របស់ព្រះសហគមន៍ទូទាំងសកលលោក ហើយបានចាប់ផ្តើមឆ្នាំពិសេស ដើម្បីគោរពសន្តយ៉ូសែប (នេះបើយោងអនុសាសនក្រិត្យ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០)។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំបានសរសេរសាលិខិត មានចំណងជើងថា «ទឹកចិត្តឪពុក» ក្នុងគោលបំណងឲ្យគ្រីស្តបរិស័ទមានចិត្តស្រឡាញ់សន្តយ៉ូសែបដ៏ប្រសើរនេះ ឲ្យកាន់តែខ្លាំងឡើងៗ។ សន្តយ៉ូសែបពិតជាសន្តម្នាក់ដ៏អស្ចារ្យ ហើយម៉្យាងទៀត «លោកបានរស់នៅសាមញ្ញធម្មតាដូចយើងម្នាក់ៗ»។ សន្តយ៉ូសែបមិនធ្វើការអស្ចារ្យទេ លោកមិនបានទទួលព្រះអំណោយទានពិសេសពីព្រះជាម្ចាស់ទេ អស់អ្នកដែលជួបលោកមិនយល់ថា លោកជាមនុស្សខុសពីគេទេ។ លោកគ្មានឈ្មោះល្បី ហើយក៏មិនធ្វើឲ្យនរណាចាប់អារម្មណ៍ដែរ។ ព្រះគម្ពីរដំណឹងល្អ មិនដែលរៀបរាប់ពាក្យសម្ដីមួយម៉ាត់របស់លោកទេ។ ក៏ប៉ុន្តែ ទោះបីជាលោករស់នៅតាមរបៀបសាមញ្ញធម្មតាក្តី ក៏លោកបានបំពេញកិច្ចការលើសពីធម្មតា នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
ព្រះជាម្ចាស់ទតមើលចិត្តគំនិត (១សម ១៦:១៧) ហើយព្រះអង្គទតឃើញថា លោកយ៉ូសែបមានចិត្តជាឪពុក ដែលអាចផ្តល់ជីវិតជារៀងរាល់ថ្ងៃ និងលើកតម្កើងជីវិតនោះផង។ ការត្រាស់ហៅ ក៏មានគោលដៅដូចគ្នានេះដែរ គឺផ្តល់កំណើត និងបន្តជីវិតរស់នៅប្រចាំថ្ងៃ។ ព្រះអម្ចាស់មានព្រះបំណងបង្កើតមនុស្សឲ្យមានចិត្តជាឪពុក និងចិត្តជាម្តាយ គឺមនុស្សដែលមានចិត្តទូលំទូលាយ ដែលអាចយកចិត្តទុកដាក់នឹងគេយ៉ាងខ្លាំងបំផុត និងជាមនុស្សសុខចិត្តបូជាខ្លួនឯងចំពោះអ្នកដទៃ ជាអ្នកចេះអាណិត និងលើកទឹកចិត្តគេ ដើម្បីឲ្យគេមានសង្ឃឹមយ៉ាងមាំមួន។ អស់លោកបូជាចារ្យ និង បព្វជិត បព្វជិតា ត្រូវមានចរិយាសម្បត្តិ ចិត្តគំនិតយ៉ាងដូច្នោះដែរ ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ ក្នុងគ្រាដែលបង្ហាញភាពទន់ខ្សោយ និងទុក្ខលំបាករបស់មនុស្សលោក បណ្តាលមកពីមេរោគឆ្លង COVID 19 ដែលនាំឲ្យមនុស្សលែងជឿលើខ្លួនឯង និងនាំឲ្យមានការភ័យខ្លាចអំពីអនាគត ហើយនាំឲ្យគេសង្ស័យអំពីអត្ថន័យនៃជិវិតជាមនុស្សតែម្តង។ សន្តយ៉ូសែប មកជួបយើង ដោយចិត្តសុភាពរាបសា ជា«សន្តបុគ្គលម្នាក់ដែលរស់នៅជិតយើង»។ ក្នុងពេលជាមួយគ្នា លោកផ្តល់សក្ខីភាពយ៉ាងច្បាស់លាស់ ដែលអាចបង្ហាញផ្លូវយើងថែមទៀតផង។
សន្តយ៉ូសែប បានផ្តល់ដំបូន្មាន នូវពាក្យគន្លឹះចំនួនបី សម្រាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះយើងម្នាក់ៗ។
- ទី១ គឺ សុបិន។ មនុស្សគ្រប់គ្នាតែងមានសុបិន នៅក្នុងការរស់នៅរបស់ខ្លួន ប្រកបដោយភាពជោគជ័យ។ យើងតែងតែមានសង្ឃឹមខ្ពស់បំផុត ប្រាថ្នាយ៉ាងមោះមុតឲ្យបានសម្រេចឆាប់ៗ គឺទទួលបានជោគជ័យ មានលុយ និងភាពសប្បាយហ៊ឺហា ប៉ុន្តែមិនអាចបំពេញសេចក្កីសង្ឃឹមនោះបាន។ ប្រសិនបើយើងសួរមនុស្សម្នាក់ៗ ឲ្យនិយាយតែមួយម៉ាត់ អំពីសុបិនសម្រាប់ជីវិតរបស់គេ យើងមិនពិបាកស្មានឡើយ អំពីចម្លើយរបស់គេ គឺ«គេចង់បានសេចក្តីស្រឡាញ់»។ សេចក្តីស្រឡាញ់ផ្តល់ឲ្យជីវិតមានអត្ថន័យ ដ្បិតសេចក្តីស្រឡាញ់សម្ដែងអាថ៌កំបាំងនៃជិវិតរស់នៅ។ យើងមានជិវិត លុះត្រាតែយើងផ្តល់ជីវិត ដ្បិតយើងកាន់កាប់អ្វីៗយ៉ាងពិតប្រាកដ លុះត្រាតែយើងផ្តល់អ្វីៗដែលយើងកាន់កាប់នោះឲ្យគេទាំងអស់។ សន្ត យ៉ូសែប មានសេចក្តីជាច្រើនប្រាប់យើងឲ្យដឹងអំពីរឿងនេះ ព្រោះថា ក្នុងចំណោមសុបិន ដែលព្រះជាម្ចាស់បានបំភ្លឺឲ្យលោកឃើញ នាំឲ្យលោកថ្វាយជីវិតទាំងអស់ស្រុងទៅព្រះជាម្ចាស់។ គម្ពីរដំណឹងល្អរៀបរាប់អំពីសុបិនបួនយ៉ាងរបស់លោកយ៉ូសែបឲ្យយើងស្គាល់ (មថ ១:២០; ២:១៣.១៩.២២)។ សុបិនទាំងបួននេះជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលពិបាកទទួលថា ព្រះជាម្ចាស់ត្រាស់ហៅគាត់តាមសុបិនទាំងនោះ។ ក្រោយពីយល់សុបិនម្តងៗ សន្តយ៉ូសែបត្រូវតែដូរគម្រោងការរបស់ខ្លួន ហើយត្រូវចោលខ្លួនឯង គឺលោកលះបង់ចោលគម្រោងការរបស់ខ្លួន ដើម្បីបំពេញគម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់។ លោកទុកចិត្តលើព្រះជាម្ចាស់រហូតសម្រេចកិច្ចការទាំងអស់។ យើងអាចសួរខ្លួនឯងថា «តើលោកយល់សុបិនឃើញអ្វីនៅពេលយប់ដែលធ្វើឲ្យលោកជឿទុកចិត្តយ៉ាងខ្លាំងរបៀបនេះ?» ទោះបីនៅសម័យមុនៗ គេយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការយល់សុបិន ហើយបើប្រៀបនឹងការរស់នៅជាក់ស្តែង ការយល់សុបិនមិនមែនជាអ្វីអស្ចារ្យទេ។ ក៏ប៉ុន្តែ សម្រាប់សន្តយ៉ូសែបមិនរួញរាប្រព្រឹត្តតាមការយល់សុបិននោះទេ។ ហេតុអ្វី? គឺមកពីលោកមានចិត្តតម្រង់ឆ្ពោះទៅកាន់ព្រះជាម្ចាស់ គឺលោកសុខចិត្តធ្វើតាមព្រះអង្គរួចស្រេចទៅហើយ។ លោកមានត្រចៀកនៅក្នុងដួងចិត្ត និងត្រង់ត្រាប់ស្តាប់។ លោកត្រូវការតែសញ្ញាសំគាល់ដ៏តូចមួយ ដើម្បីទទួលស្គាល់សំឡេងដែលនិយាយមកកាន់លោក។ ចំពោះការត្រាស់ហៅរបស់យើង ក៏ដូច្នេះដែរ គឺព្រះជាម្ចាស់មិនសព្វព្រះហឫទ័យសម្តែងព្រះអង្គយ៉ាងអស្ចារ្យ ដើម្បីបង្ខំសេរីភាពរបស់យើងឡើយ។ ព្រះអង្គបញ្ជូនព្រះគម្រោងការរបស់ព្រះអង្គយ៉ាងស្រទន់។ ព្រះអង្គមិនធ្វើឲ្យយើងរំភើបចិត្តដោយមើលឃើញនឹងភ្នែកស្តែងៗឡើយ តែព្រះអង្គមានព្រះបន្ទូលមកយើងយ៉ាងស្រទន់ក្នុងដួងចិត្តយើង និងយ៉ាងស្និទ្ធស្នាល ដោយមានព្រះបន្ទូលមកយើងតាមរយ:ចិត្តគំនិតនិងអារម្មណ៍របស់យើង។ ព្រះអង្គប្រព្រឹត្តចំពោះសន្តយ៉ូសែបយ៉ាងណា ព្រះអង្គក៏រៀបចំ សម្រាប់យើងយ៉ាងខ្ពង់ខ្ពស់ និងហួសពីការស្មានយ៉ាងនោះដែរ។ សន្តយ៉ូសែប យល់សុបិនទាំងប៉ុន្មាន បាននាំលោកឲ្យប្រព្រឹត្តកិច្ចការដែលលោកមិនដែលស្រមៃឃើញពីមុន។ សុបិនទីមួយ រំខានការផ្តាច់ពាក្យនឹងនាងម៉ារី តែបានធ្វើឲ្យលោកក្លាយទៅជាឪពុករបស់ព្រះមេស្ស៊ី។ សុបិនទី ២ គឺនាំឲ្យលោករត់ភៀសខ្លួនទៅស្រុកអេហ្ស៊ីប ដើម្បីសង្គ្រោះជីវិតក្រុមគ្រួសារទាំងមូល។ ក្រោយមកសុបិនទី៣ ដែលជូនដំណឹងថា លោកអាចត្រឡប់ទៅមាតុភូមិវិញបាន។ ការយល់សុបិនទី៤ បណ្តាលឲ្យលោកដូរគម្រោងការម្តងទៀត គឺនាំលោកទៅភូមិណាសារ៉ែត នៅកន្លែងដែលព្រះយេស៊ូនឹងចាប់ផ្តើមប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ក្នុងការប្រែប្រួលទាំងអស់នោះ លោកយ៉ូសែបក៏មានចិត្តដោយក្លាហានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានជ័យជំនះ។ អំពីព្រះជាម្ចាស់ត្រាស់ហៅរបស់យើងក៏ដូច្នេះដែរ! ព្រះជាម្ចាស់ត្រាស់ហៅយើងជានិច្ចឲ្យចេញទៅ ឲ្យសុខចិត្តបូជាជិវិត និងឲ្យទៅមុខបន្តទៀត។ គ្មាននរណាផ្ញើជីវិតលើព្រះជាម្ចាស់ ដោយមិនប្រឈមនឹងគ្រោះថ្នាក់នោះទេ។ គឺមានតែការផ្ញើជីវិត ដោយទុកចិត្តលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ អ្នកណាបំភ្លេចគម្រោងការផ្ទាល់ខ្លួន និងភាពងាយស្រួលរបស់ខ្លួន អ្នកនោះ «យល់ព្រម»យ៉ាងពិតប្រាកដ ចំពោះព្រះជាម្ចាស់ដែលត្រាស់ហៅ។ ពេលណាយើង «យល់ព្រម» ធ្វើតាមព្រះជាម្ចាស់ដែលត្រាស់ហៅម្តងៗ ទើបយើងបានបង្កើតផល ព្រោះយើងសុខចិត្តទទួលគម្រោងការធំជាងគម្រោងការរបស់ខ្លួន។ យើងមិនទាន់ស្គាល់ច្បាស់អំពីគម្រោងការនេះទេ តែព្រះជាម្ចាស់ទ្រង់ជ្រាប ហើយធ្វើឲ្យបង្កើតផលបានតទៅមុខទៀត ដើម្បីឲ្យការរស់នៅរបស់មនុស្សម្នាក់ៗ ទៅជាស្នាព្រះហស្តយ៉ាងពិតប្រាកដ។ សន្ត យ៉ូសែប ជាគំរូដែលយើងត្រូវអនុវត្តតាម ក្នុងការទទួលគម្រោងការរបស់ព្រះជាម្ចាស់។ លោកទទួលគម្រោងការរបស់ព្រះជាម្ចាស់យ៉ាងសកម្ម គឺលោកមិនស្ទាក់ស្ទើរ ឬបោះបង់ចោលឡើយ។ លោកយ៉ូសែបមិនមែនជាមនុស្ស កំសាក គេចវេះឡើយ តែលោកចូលរួមយ៉ាងសកម្ម និងដោយចិត្តក្លាហាន (ទឹកចិត្តឪពុក លេខ៤)។ សូមសន្តយ៉ូសែបជួយយើងខ្ញុំទាំងអស់គ្នា ជាពិសេស យុវជន យុវនារី ឲ្យបានយល់ពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់គេ! សូមជួយឲ្យគេមានចិត្តក្លាហាន សុខចិត្តឆ្លើយ «បាទ/ចាស» ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់ដែលតែងតែនាំឲ្យមានអំណរសប្បាយ និង សេចក្តីសង្ឃឹម។
- ទី២ គឺ ការបម្រើ ៖ ពាក្យទី២ដែលសម្គាល់ក្នុងដំណើរជីវិតរបស់សន្តយ៉ូសែប និងការត្រាស់ហៅរបស់លោក គឺការបម្រើ។ ក្នុងគម្ពីរដំណឹងល្អ មានសម្តែងអំពីលោកយ៉ូសែបបានរស់នៅគ្រប់យ៉ាងសម្រាប់អ្នកដទៃ មិនសម្រាប់ខ្លួនឯងទេ។ ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ តែងហៅលោកថា ស្វាមីដ៏វិសុទ្ធបំផុត គឺគេហៅដូច្នេះ ដើម្បីសម្តែងថា លោកមានសមត្ថភាពអាចស្រឡាញ់អ្នកដទៃ ដោយមិនរកប្រយោជន៍សម្រាប់ខ្លួនលោកផ្ទាល់ឡើយ។ លោកស្រឡាញ់គេ ដោយមិនកាន់កាប់អ្វីរបស់អ្នកដែលខ្លួនស្រឡាញ់នោះទេ។ លោកសុខចិត្តបម្រើដូច្នេះ ហើយលទ្ធផលទទួលបានខ្លាំងជាងទៅទៀត គឺសម្រាប់មនុស្សគ្រប់ជំនាន់ តែងសរសើរចំពោះការថែរក្សាការពារ ដោយចិត្តស្រឡាញ់ គេនាំគ្នាគោរពលោកទុកជា ឧបការីរបស់ព្រះសហគមន៍។ សន្ត យ៉ូសែប ក៏ជាឧបការីសម្រាប់គ្រីស្តបរិស័ទ ដែលកំពុងចែកស្ថានយ៉ាងសុខសាន្ត ព្រោះលោកបានយល់ថា ការរស់នៅរបស់មនុស្សក្នុងលោកនេះ សុទ្ធតែជាដង្វាយថ្វាយព្រះជាម្ចាស់ជានិច្ច។ លោកអាចបម្រើ និងថ្វាយការរស់នៅរបស់ខ្លួនជាយញ្ញបូជាបាន មកពីលោកមានចិត្តស្រឡាញ់យ៉ាងខ្លាំងបំផុត គឺថា មនុស្សអាចធ្វើតាមការត្រាស់របស់ព្រះជាម្ចាស់បាន លុះត្រាតែបូជាខ្លួនជាយញ្ញបូជាយ៉ាងពេញលក្ខណ:។ លោកបូជាចារ្យ ឬបព្វជិត បព្វជិតា ក៏ត្រូវជាយញ្ញបូជាយ៉ាងពេញលក្ខណ:។ ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅ ឲ្យរៀបអាពាហ៍ពិពាហ៍ ឲ្យរស់នៅលីវ (កំលោះ ឬកាន់ព្រហ្មចារី) មិនទាន់ទៅដល់ការយញ្ញបូជាយ៉ាងពេញលេក្ខណ: នោះទេ។ ប្រសិនបើគេឈប់ គេមិនបង្ហាញសោភ័ណ្ឌភាពនិងអំណរនៃសេចក្តីស្រឡាញ់នោះទេ តែបង្ហាញអពមង្គល ភាពក្រៀមក្រំ និងការខកចិត្ត។
ក្រៅពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបំពេញតាមសុបិនដ៏អស្ចារ្យក្លាយជាការពិត និងការឆ្លើយតបរបស់យើង ដែលសុខចិត្តបម្រើ និងយកចិត្តទុកដាក់ថែរក្សាបងប្អូន នោះគឺជាចំណុច ទី៣ ដែលមានក្នុងការរស់នៅប្រចាំថ្ងៃរបស់សន្តយ៉ូសែប និងក្នុងការត្រាស់ហៅរបស់យើងជាគ្រីស្តបរិស័ទ ដែលយើងត្រូវប្រណិប័តន៍ជារៀងរាល់ថ្ងៃ គឺសេចក្តីស្មោះត្រង់។ លោកយ៉ូសែបជាមនុស្សសុចរិត (មថ ១:១៩)។ ក្នុងភាពស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ លោកនៅតែផ្ញើជីវិតលើព្រះជាម្ចាស់ និងក្នុងគម្រោងការរបស់ព្រះអង្គ។ ក្នុងគ្រាដ៏សែនពិបាកក្នុងជីវិតរបស់លោក លោកសញ្ជឹងគិតអ្វីដែលត្រូវធ្វើ (cf. v. 20)។ លោកមិនបង្ខំធ្វើអ្វីដោយតក់ក្រហល់នោះទេ។ លោកមិនចាញ់ការល្បួង មិនធ្វើតាមសភាវគតិ ឬរស់នៅសម្រាប់តែបច្ចុប្បន្នភាពទេ។ លោកដឹងថា ជីវិតជោគជ័យរបស់មនុស្ស គឺកសាងភាពស្មោះត្រង់ ជាជម្រើសដ៏សំខាន់។ នៅពេលលោកធ្វើការដោយចិត្តនឹងធឹង និងស្លូតបូត នៅពេលលោកធ្វើជាជាងឈើ (មថ១៣,៥៥) ក្នុងភាពអត់ធ្មត់នាសម័យនោះដែលគ្មានពត៌មានណាមួយអំពីលោកសោះ ប៉ុន្តែភាពស្ងប់ស្ងាត់នៃជីវិតរបស់ ឪពុករូបនេះ បានជម្រុញគំនិតដល់កម្មករម្នាក់ៗ និងគ្រីស្តបរិស័ទគ្រប់រូប តាំងពីដើមរៀងមក។ សម្រាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដូចជាជីវិតមួយ មានភាពចាស់ទុំដោយសារ ចិត្តស្មោះត្រង់ ក្នុងការរស់នៅប្រចាំថ្ងៃ។
តើត្រូវធ្វើដូចម្តេចដើម្បីរក្សាសេចក្តីស្មោះត្រង់នេះ? ដោយសារពន្លឺរបស់ព្រះជាម្ចាស់។ ដំបូងសន្តយ៉ូសែបបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងសុបិននិមិត្តថា កុំខ្លាចអី! ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមកុំខ្លាចអី...»(មថ ១:២០)។ សូមកុំខ្លាចអី! ព្រះអម្ចាស់ក៏មានព្រះបន្ទូលនេះមក កាន់ប្អូនស្រី ប្អូនប្រុស នៅពេលដែលប្អូនជួបការសង្ស័យ ស្ទាក់ស្ទើរក្នុងចិត្ត ពិបាកសម្រេចចិត្ត ក្នុងបំណងចង់ថ្វាយជីវិតទៅព្រះជាម្ចាស់ គឺមិនអាចបង្អង់បានទៀតឡើយ។ ខាងលើនេះក៏ជាពាក្យដែលព្រះអង្គមានព្រះបន្ទូលជាញឹកញាប់ ក្នុងកន្លែងដែលប្អូនរស់នៅ។ ប្រហែលប្អូននៅតែជួបប្រទះការពិបាក និងគេមិនយល់គំនិតរបស់ប្អូន ប្អូននៅតែតស៊ូជារៀងរាល់ថ្ងៃ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្អូននឹងឮព្រះបន្ទូលនេះសារជាថ្មី នៅជំហាននីមួយៗនៃការត្រាស់ហៅ វាហាក់ដូចជាប្អូនត្រឡប់ទៅរកសេចក្តីស្រឡាញ់គ្រាដំបូងអីចឹង។ ព្រះបន្ទូលទាំងនោះដូចជាបន្ទរ ដែលជាប់ជាមួយបងប្អូនដែលសុខចិត្តរស់នៅដោយបម្រើព្រះអង្គ ដូចសន្ត យ៉ូសែប ដែលបានឆ្លើយ «បាទ» ទៅព្រះជាម្ចាស់តាមរយៈការរស់នៅ ប្រកបចិត្តស្មោះត្រង់ជារៀងរាល់ថ្ងៃ។
ភាពស្មោះត្រង់នេះ ជាសេចក្កីសម្ងាត់ដែលផ្តល់អំណរសប្បាយ។ មានចម្រៀងក្នុងពីធីបុណ្យ មានចំណងជើង អំណសប្បាយ… ដែលមានក្នុងផ្ធះនៅភូមិណាសារ៉ែត មានអំណរថៃ្លថ្លា គឺជាអំណរជារៀងរាល់ថ្ងៃ ជាអំណររាបសារ ជាអំណររបស់អ្នកដែលទុកតែអ្វីដែលមានតម្លៃ គឺការរស់នៅក្បែរព្រះជាម្ចាស់ និងអ្នកដទៃ។ ប្រសិនបើទេវវិទ្យាល័យ គ្រឹះស្ថានគ្រីស្តសាសនា ផ្ទះនៅជិតព្រះវិហារក្នុងភូមិ ប្រសិនមានបរិយកាសសុភាពរាបសារ និងពោរពេញដោយអំណរសប្បាយ ពោរពេញដោយសេចក្តីសង្ឃឹម ពិតជាការល្អប្រសើរខ្លាំងណាស់។
បងប្អូនជាទីស្រឡាញ់ សូមឲ្យបងប្អូនបានប្រកបដោយអំណរសប្បាយ គឺបងប្អូនដែលសុខចិត្តយកព្រះជាម្ចាស់ធ្វើជាសុបិន សម្រាប់ការរស់នៅរបស់បងប្អូន ដើម្បីឲ្យបងប្អូនបម្រើព្រះអង្គ បម្រើបងប្អូនដែលព្រះអង្គផ្ញើមកយើង។ បងប្អូនបម្រើគេដោយចិត្តស្មោះត្រង់ ដែលជាសក្ខីភាពដ៏វិសេស ក្នុងសម័យនៃការរើសទីដៅ តាមមនោសញ្ចេតនា និងចិត្តពុះកញ្ច្រោល។ ទីដៅទាំងនោះបាត់ទៅដោយមិនបាន ផ្តល់សេចក្តីអំណរសប្បាយឡើយ។ សូមសន្តយ៉ូសែបជាឧបការី នៃការត្រាស់ហៅ រួមដំណើរជាមួយបងប្អូន ក្នុងទឹកចិត្តជាឪពុក។
ធ្វើនៅទីក្រុងរ៉ូម ព្រះវិហារសន្តយ៉ូហាននៅភ្នំឡាត្រង់
ក្នុងឱកាសបុណ្យ គោរពសន្តយ៉ូសែប
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ