អត្ថបទគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១០ៈ ១-១០
ព្រះយេស៊ូជាអ្នកគង្វាលដ៏ល្អ
«ខ្ញុំសុំប្រាប់ ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេងអ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នក ដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។ ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ ហើយគាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាមអ្នកដទៃ ជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ៦ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឲ្យគេស្តាប់ ប៉ុន្តែគេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់ឲ្យចៀមចេញចូល។ អ្នក ដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់សំឡេងអ្នកទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារងថែមទៀតផង។ ចោរវាមកគិតតែពីលួចប្លន់គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌។