ការអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនភេសជ្ជៈក្នុងឱកាសបុណ្យចម្លង និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គីគេ) ជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនជូនភេសជ្ជៈជូនដល់ ព្រះប្រធានសាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព្រះតេជគុណ វី សុវិជ្ជា និងសហការី  ក្នុងឱកាសបុណ្យចម្លង  និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។ 

ការអញ្ជើញទៅសួរសុខទុក្ខនេះ ក្នុងគោលបំណងចង់ពង្រឹងទំនាក់ទំនង រវាងព្រះសហគមន៍កាតូលិកបាត់ដំបង និង សាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ឲ្យកាន់តែល្អប្រសើរ ផ្នែកអន្តរសាសនា និងពិភាក្សាអំពីសកម្មភាពនានា ដែលព្រះសហគមន៍ និងសកលវិទ្យាបានធ្វើរួមគ្នា។ ក្នុងនោះផងដែរ ព្រះប្រធានសាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព្រះតេជគុណ វី សុវិជ្ជា បានសរសេរឯកសាររៀបរាប់អំពីសកម្មភាពនានាដែលបានចូលរួមជាមួយព្រះសហគមន៍កាតូលិកផ្ញើជូនសម្តេចប៉ាប នៅវ៉ាទីកង់ តាមរយៈលោកអភិបាលទេព ច័ន្ទពិសិដ្ឋ ។ 

គួរបញ្ជាក់ផងដែរថា សាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង តែងចូលរួមសកម្មភាពជាច្រើនជាមួយព្រះសហគមន៍ និងមានទំនាក់ទងល្អជាមួយគ្នា ក្នុងការសហការគ្នា ធ្វើសកម្មភាពនានារួមគ្នាដូចជា៖ ការកសាងសន្តិភាព (អន្តរសាសនា) , ការការពារបរិស្ថាន, ប្រឆាំងអំពីហិង្សា, លើកកម្ពស់ស្រី្ត និងកុមារ ……។

Facebook
Twitter
LinkedIn