គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍

តំណាង​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​ចំការ​ទៀង ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​  ដឹក​​នាំដោយ​លោកអភិបាល​ អូលីវីយ៉េ​ ជ្មិត​ហស្លេរ​ អភិបាល​​​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​​ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់​ចត្តាឡីស័ក​​ ចំនួន​ ៦គ្រួសារ​ ​ដែល​ស្ថិត​នៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ២០២១នេះ​។

នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខនេះ ​លោកអភិបាល អូលីវីយ៉េ​​ក៏​បាន​ផ្ដល់​អនុសាសន៍​ដើម្បី​លើក​ទឹកចិត្ត​​ និង​ណែនាំ​អំពី​របៀប​រក្សា​អនាម័យ​ ការថែទាំ​សុខភាព​​ និង​ជូនពរ​ដល់​គ្រួសារ​ជាប់​​​ចត្តាឡីស័ក​ទាំង​អស់ ឱ្យជៀសផុតពីជំងឺកូវីត១៩នេះ​ និង​សូម​ទទួល​បាន​សុខភាព​ល្អ​​ ជាពិសេស​សូមព្រះជាម្ចាស់ប្រទានពរដល់ពួកគាត់។

លោក​ តែ មុន្នីរតនា នាយក​ការិយាល័យកសិកម្ម​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការពារជាតិ និង​ជា​សមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ភូមិគុស និង​ភូមិ​ចំការទៀង មាន​ប្រសាសន៍​សម្ដែង​នូវ​ក្ដី​រំភើប​ ចំពោះ​កិច្ច​ការ​សប្បុរស​របស់​ព្រះសហគមន៍​ចំពោះ​គ្រួសារ​ក្រីក្រ។

លោក​រតនាមាន​ប្រសាសន៍​ថា «នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ពួកគាត់​ដែល​កំពុង​ធ្វើ​ចត្តាឡឺស័ក​ឱ្យ​កម្លាំង​ចិត្ត កាត់​បន្ថយ​ការ​ភ័យ​ខ្លាច និង​មាន​សេចក្ដី​សង្ឃឹម​ឡើងវិញ ព្រោះ​អ្នក​ទាំងនោះ​សុទ្ធ​តែជាអ្នក​ក្រីក្រ​»។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័កប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​អភិបាល​ខេត្ត​​ក៏​បាន​ចុះ​មកសួរសុខទុក្ខ​និងបាន​នាំ​យក​អំណោយ​មក​ជូន​ពួកគាត់​ដែរ។  

សម្ភារ​ដែល​ព្រះសហគមន៍​បាន​ជូន​ដល់​គ្រួសារ​នីមួយៗ រួមមាន អង្ករ​៥០គីឡូក្រាម​ មាន់​២ក្បាល​ និងសាច់​ជ្រូក មី​១កេស​ ត្រីខ​១យួរ ស្វាយ​១០គីឡូក្រាម ទឹកសុទ្ធ​១កេស ពងមាន់​ ៥០គ្រាប់ ស្ករគ្រាប់ដូង​ ២កញ្ចប់ នំ​ Cookies ២កញ្ចប់  ដំណាប់ស្វាយ​ ២ប្រអប់ គ្រឿង​ទេស​ មួយ​ចំនួន​ និង​ថវិកា​២០ម៉ឺន​រៀល។

ក្រៅ​ពី​ក្រុម​គ្រួសារទាំង៦នេះ លោក​អភិបាល​អូលីវីយ៉េ ក៏​បាន​​ជូន​​ម៉ាស់ អាល់កុល ​សម្ភារ​អនាម័យ​មួយចំនួន និង​ថវិកា​​ដល់អាជ្ញាធរភូមិ និងប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គុស ដើម្បី​ចូល​រួម ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នេះដែរ។

មក​ដល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​ជា​សហគមន៍​នៅ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ បាន​កើន​ឡើងដល់​២៨២៤នាក់ និង​មាន​អ្នក​កំពុង​សម្រាក​ពេទ្យ​ចំនួន​ ១០០៣នាក់ ដែល​ក្នុង​ថ្ងៃទី​៦ មេសានេះ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៧២នាក់ និង​អ្នក​ជាសះស្បើយ​៤៧នាក់ និង​ស្លាប់​ម្នាក់។​ នៅ​យប់​ថ្ងៃទី​៦នេះ​ផង​ដែរ រដ្ឋាភិបាល​បាន​សម្រេច​បិទ​ទ្វារ​ខេត្ត​នីមួយៗ ពោលគឺ​គ្មាន​ចរាចរណ៍​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ទេ ក្នុង​រយៈ​ពេល​១៤​ថ្ងៃ លើក​លែង​តែ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ប៉ុណ្ណោះ៕

អត្ថបទ៖​ដាលីស

Facebook
Twitter
LinkedIn