អត្ថបទទី ១
៤ ព្រះជាអម្ចាស់បង្រៀនខ្ញុំអោយនិយាយ
ពាក្យសំដីជាសិស្ស
ដើម្បីអោយខ្ញុំលើកទឹកចិត្ត
មនុស្សដែលអស់សង្ឃឹម។
រៀងរាល់ព្រឹក ព្រះអង្គរំលឹកដាស់តឿនខ្ញុំ
ហើយអប់រំខ្ញុំអោយចេះស្ដាប់
ដូចសិស្សស្ដាប់ពាក្យគ្រូ។
៥ ព្រះជាអម្ចាស់ណែនាំខ្ញុំអោយយកចិត្តទុកដាក់ស្ដាប់
រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង
ឬដកខ្លួនថយក្រោយឡើយ។
៦ ខ្ញុំបានបែរខ្នងទៅអោយអ្នកដែលចង់វាយខ្ញុំ
ខ្ញុំបានបែរមុខទៅអោយអ្នកដែលចង់
បោចពុកចង្ការបស់ខ្ញុំ
ពេលគេប្រមាថមើលងាយ
និងស្ដោះទឹកមាត់ដាក់ខ្ញុំ
ខ្ញុំមិនបានគេចមុខចេញឡើយ។
៧ ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ
ខ្ញុំរក្សាទឹកមុខរឹងប៉ឹង
ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
៨ ព្រះអង្គដែលរកយុត្តិធម៌អោយខ្ញុំ
ទ្រង់គង់នៅក្បែរខ្ញុំ
តើនរណាចង់ប្ដឹងខ្ញុំ?
សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!
តើនរណាចង់ចោទប្រកាន់ខ្ញុំ
សុំអញ្ជើញមកជួបខ្ញុំចុះ!
៩ មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
តើនរណាអាចផ្ដន្ទាទោសខ្ញុំ?
ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច
ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
ទំនុកតម្កើងលេខ ៦៩ៈ ៨-១០, ២១-២២
៨. ខ្ញុំទ្រាំអោយគេ ប្រមាថដៀលជេរ មើលងាយពេកក្រៃ ព្រោះតែព្រះអង្គ
ខ្មាសគេស្ទើរក្ស័យ អាប់អោនសិរី ព្រោះតែព្រះអង្គ ។
៩. ញាតិទូលបង្គំ មិនរាប់អានខ្ញុំ ពួកគេបោះបង់ បងប្អូនបង្កើត
ក៏មិនស្មោះត្រង់ ចាត់ទុកខ្ញុំនឹង ដូចជនបរទេស ។
១០. នោះមកពីខ្ញុំ ចិត្តនៅមូលផ្តុំ ស្រឡាញ់ខ្លាំងណាស់ ដំណាក់ព្រះអង្គ
គេតិះដៀលត្មះ តែពាក្យទាំងនោះ ត្រូវធា្លក់លើខ្ញុំ ។
២១. ពាក្យត្មះតិះដៀល ចាក់រុកឆ្កឹះឆ្កៀល ឈឺស្មើទាត់ធាក ចិត្តខ្ញុំខ្លោចផ្សា
ឈឺចុកញ័រញាក់ គិតថាមានម្នាក់ នឹងអាណិតខ្ញុំ ។
ក្រែងមានអ្នកជួយ តែឥតមានមួយ ខ្ញុំកើតទុក្ខធំ សង្ឃឹមថាមាន
គេមកលួងលោម រំលកទុក្ខខ្ញុំ តែរកមិនបាន ។
២២. ខ្ញុំឃ្លានបរិភោគ គេមិនបានយក អាហារហូបបាន បែរយកថ្នាំពុល
អោយខ្ញុំក្ស័យប្រាណ ទោះស្រេកពុំបាន ស្គាល់រស់ជាតិទឹក ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២៦ៈ ១៤-២៥
យូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ
ពេលនោះ សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរឈ្មោះ យូដាអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ ជំរាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកអោយអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់អោយគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
ព្រះយេស៊ូធ្វើពិធីបុណ្យចម្លងជាមួយពួកសាវ័ក
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សាវ័កនាំគ្នាមកគាល់ព្រះយេស៊ូទូលថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារ សំរាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីររូប។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ យូដាជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។