ព្រះបន្ទូលសំរាប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០

អត្ថបទទី ១
អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់
«ថ្ងៃ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​អោយ​អស់​ពី​ចិត្ត អស់​ពី​គំនិត។ ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ គោរព​ច្បាប់ បទ​បញ្ជា និង​វិន័យ​ទាំងឡាយ​របស់​ព្រះអង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះអង្គ​ទៀត​ផង។ ថ្ងៃ​នេះ​ព្រះអម្ចាស់​ យល់​ព្រម​ទទួល​អ្នក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។ ព្រះ​អង្គ​នឹង​ធ្វើ​អោយ​ អ្នក​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ សំរាប់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក»។

ទំនុកតម្កើងលេខ ១១៩ៈ ១-២, ៤-៥

១.          អ្នកណាដែលមាន                          កិរិយាជាប់ប្រាណ                          ត្រឹមត្រូវឥតខ្ចោះ                      ប្រតិបត្តិតាម

            ធម្មវិន័យព្រះ                             អ្នកនោះប្រទះ                            តែសុខមង្គល                        ។

២.          អ្នកដែលប្រតិបត្តិ                          តាមផ្លូវល្អពិត                             បញ្ជានិម្មល                         ហើយស្វែងរកព្រះ

            មិនខ្ជីខ្ជាខ្ជិល                             ពិតជាបាបផល                           មង្គលពេកហោង                      ។

៤.          ព្រះអង្គចេញច្បាប់                         ដោយប្រកាស់ប្រាប់                         អោយយើងស្រឡាញ់                   យកចិត្តទុកដាក់

            ព្យាយាមទន្ទេញ                          ខិតខំបំពេញ                             ដានស្នាមព្រះអង្គ                     ។

៥.          សូមជួយខ្ញុំផង                            អោយដូចបំណង                          មានចិត្តរឹងប៉ឹងដើម្បីប្រតិបត្តិ

            តាមក្រឹត្យព្រះអង្គ                          វិន័យត្រឹមត្រង់                            តាមទ្រង់បញ្ជា                       ។

អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៥ៈ៤៣-៤៨
ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ
«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រ​ឡាញ់​​​​​​​បង​ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​អោយ​អស់​អ្នក ​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ប្រទាន​អោយ​ព្រះអាទិត្យ​របស់​ព្រះ​អង្គ​​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​អោយ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​រាល់​ គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី ? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ព្រះបិតា​របស់​អ្នក​ រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​អោយ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

Facebook
Twitter
LinkedIn