ព្រះបន្ទូលសំរាប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០

អត្ថបទទី ១

ប្រសិន​ បើ​មនុស្ស​ទុច្ចរិត​លះបង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។ យើង​នឹង​បំភ្លេច​បទ​ ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។ តើ​អ្នក​រាល់​គ្នា​ ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះបង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​អោយ​រស់​រាន​មាន​ជីវិត – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។  រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះបង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

អ្នក​រាល់​គ្នា​ពោល​ថា “ព្រះអម្ចាស់​ ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រាអែល​អើយ​ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ប្រសិន​បើ​មនុស្ស​ សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់​ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត ​លះបង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​អោយ​គង់វង្ស។ ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះបង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។

ទំនុកតម្កើងលេខ ១៣០ៈ ១-២, ៣-៤

១.          បពិតព្រះជាអម្ចាស់អើយ                                                        ខ្ញុំស្រែកដង្ហើយរកព្រះអង្គ

            ពីក្នុងរណ្តៅជ្រៅកន្លង                                                          មេត្តាជួយផងផុតពីស្លាប់                                                  ។

២.          សំឡេងខ្ញុំឮដូចចំរៀង                                                          សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់

            ពាក្យខ្ញុំអង្វរទទូចប្រាប់                                                         រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស                                               ។

៣.         បពិត្រព្រះម្ចាស់ដ៏ឧត្តម                                                         បើព្រះអង្គចាំពីកំហុស

            អំពើបាបកម្មជនស្រីប្រុស                                                       គ្មានម្នាក់ណាសោះរួចខ្លួនឡើយ                                             ។

៤.          ប៉ុន្តែព្រះអង្គតែងអត់ទោស                                                      ប្រណីសន្តោសខ្ញុំធូរស្បើយ                                                

            រួចផុតទុក្ខទោសបានល្ហែល្ហើយ                                                    គឺព្រះអង្គហើយខ្ញុំគោរព                                                  ។

អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៥ៈ ២០-២៦

ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​ធម្មាចារ្យ និង​ពួកខាង​ផារីស៊ី​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ»។

«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថា “កុំ​សម្លាប់​មនុស្ស” ​ អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេចផ្តាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះតិះដៀល​គេទ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ ​កាល​ណា​អ្នក​ធ្វើ​ដំណើរ ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ​របស់​អ្នក ចូរ​ស្រុះស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

Facebook
Twitter
LinkedIn