នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មណ្ឌលសិស្សលោកអភិបាលប៉ូល ទេពអ៊ីម នៃព្រះសគមន៍កាតូលិកបាត់ដំបង បានរៀបចំកម្មវិធីបើកវគ្គក្នុងឆ្នាំសិក្សា២០២០-២០២១ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកអភិបាលទេព ច័ន្ទពិសិដ្ឋ ជាអភិបាលប្រចាំភូមិភាគបាត់ដំបង លោកបូជាចារ្យកាឡូស អេឌូអាដូ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ប៉ៃលិន ស្នឹង និងមណ្ឌលសិស្សលោកអភិបាលប៉ូល ទេពអ៊ីម ព្រមទាំងលោកបូចារ្យ បងស្រី មាតាបិតា អាណាព្យាបាល និងសិស្សនិស្សិត។
នៅក្នុងកម្មវិធីបើកវគ្គនេះលោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា “មណ្ឌលលោកអភិបាលប៉ូល ទេពអ៊ីម មាននៅក្នុងព្រះសហគមន៍គឺដើម្បីជួយសម្រួលដល់ការសិក្សា និងជាពិសេសអប់រំដល់សិស្សនិស្សិត ទាំងអស់អោយមានចិត្តល្អ សុចរិត និងយកចិត្តទុកដាក់កសាងសង្គមមួយអោយមានយុត្តិធម៌ ធម៌មេត្តាករុណា” លោកបានបន្តទៀតថា”សូមអរគុណដល់អាណាព្យាបាលសិស្សទាំងអស់ដែលបានទុកចិត្តលើព្រះសហគមន៍ក៏ដូចជាមណ្ឌល ក្នុងការអប់រំណែនាំដល់សិស្សទាំងអស់ដើម្បីអោយក្លាយទៅជាយុវជន យុវនារីល្អ នៅក្នុងសង្គម”។
គួរបញ្ជាក់ផងដែរថា មណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តល់អាហាររូបករណ៍ក្នុងការសិក្សា និងការស្នាក់នៅជូនដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់ពូជសាសន៍ ។ ក្នុងនោះផងដែរ សិស្សនិស្សិតសរុបដែលស្នាក់នៅក្នុងមណ្ឌលមានចំនួន២២នាក់ ដែលមកពីព្រះសហគមន៍តាហែន ស្នឹង ប៉ៃលិន ស្វាយស៊ីសុផុន ចំណោម និងតាមស្រុកនានាក្នុងខេត្តបាត់ដំបង។
ស្របពេលជាមួយគ្នានេះដែរ យុវនារី ឌុប ស្រីណុច ជានិស្សិតឆ្នាំទី២នៃវិស្ថានគរុកោសល្យបាត់ដំបង ដែលបានស្នាក់នៅក្នុងមណ្ឌលនេះជិតរយះពេល៣ឆ្នាំ បានបង្ហាញនៅចំំណាប់អារម្មណ៍ថា “កញ្ញាពិតជាសប្បាយរីករាយដោយបានទទួលអាហាររូបករណ៍ទាំងស្នាក់នៅក្នុងមណ្ឌល និងការសិក្សា អ្វីដែលកញ្ញាទទួលបានពីមណ្ឌលគឺ ការផ្តល់សេចក្តីស្រលាញ់អោយគ្នាទៅវិញទៅមក ជាគ្រួសារធំមួយ ដែលផ្តល់បទពិសោធន៍ជាច្រើនសម្រាប់គាត់ និងជាពិសេសបានឃើញពីគំរូល្អៗរបស់លោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី ដែលធ្វើអោយកញ្ញាអនុវត្តន៍តាម”។