អត្ថបទទី ១
របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់
ចូរស្រឡាញ់គ្នាជាបងប្អូនអោយបានជាប់ជានិច្ច។ សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវទូតទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែល ជាប់ឃុំឃាំងហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំង រួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ សូមបង ប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាក សីលធម៌ និងផិតក្បត់។ កុំបណ្ដោយខ្លួនអោយ ឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា«ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់អោយបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតំរាប់តាមជំនឿរបស់លោកទៅ។ ព្រះយេស៊ូគ្រីស្ដមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចព្រះអង្គនៅតែដដែល។
ទំនុកតម្កើងលេខ ២៧ៈ ១, ៣, ៥
១. ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្រ្គោះ
មិនអោយខ្ញុំខ្លាចនរណាសោះ ជាកំពេងខ្ពស់ជួយជីវិត ។
៣. ទោះមានទ័ពច្រើនមករោមរិត ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ ។
៥. ពេលខ្ញុំជួបគ្រោះអាសន្នភ័យ ព្រះអង្គដឹកដៃខ្ញុំម្នីម្នា
ចូលខ្លួនជ្រកក្នុងព្រះពន្លា បំពួនអាត្មាថ្មដាបាំង ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៦ៈ ១៤-២៩
ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
ព្រះបាទហេរ៉ូដបានជ្រាប អំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្តបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ អ្នកខ្លះថា៖ «លោកជាព្យាការីអេលី» ហើយខ្លះទៀតថា៖ «លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើងវិញ»។ ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្តេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ព្រះនាងហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិតនិងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។
មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រីមេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អ ដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្តេចហេរ៉ូដនិងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាងទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត!»។