អត្ថបទទី ១
កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការីក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសំដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា ព្រះវិញ្ញាណសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំអោយវង្វេងនោះយ៉ាងណា។
ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់
កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ព្រះជាម្ចាស់បានសំដែង ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រា តែមួយគត់របស់ព្រះអង្គអោយយាងមកក្នុងលោកនេះ ដើម្បីអោយយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្ដីស្រឡាញ់របស់ ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកបូជាព្រះជន្ម លោះយើងអោយរួចពីបាបផង។
ទំនុកតម្កើងលេខ ៧២ៈ១-២, ៣-៤, ៧-៨
១. ព្រះជាម្ចាស់អើយ សូមប្រទានអោយ រាជបុត្រនេះចេះ វិនិច្ឆ័យក្តី
តាមព្រះតំរិះ សុចរិតវិសេស របស់ព្រះអង្គ ។
២. សូមអោយរាជា គ្រប់គ្រងគ្រប់គ្នា ប្រឃារាស្រ្តទ្រង់ ដោយយុត្តិធម៌
សុចរិតផូរផង់ វិសេសឥតហ្មង ត្រឹមត្រូវតាមច្បាប់ ។
៣. សូមអោយអស់ភ្នំ ទាំងតូចទាំងធំ ផ្តល់ផលគួរគាប់ សំបូរសប្បាយ
អោយាបានសព្វគ្រប់ នាំមកស្រោចស្រព ក្តីសុចរិតផង ។
៤. សូមរាជារក យុត្តិធម៌មក កុំបីមានហ្មង ដល់ជនក្រីក្រ
កំសត់ទាំងពួង ហើយកំទេចផង អ្នកដែលជិះជាន់ ។
៧. សូមអោយសេចក្តី សុចរិតថ្លាថ្លៃ ចំរើនខ្ពង់ខ្ពស់ នៅក្នុងរជ្ជកាល
រាជាអង្គនោះ កុំបីមានទាស់ សុខសាន្តតទៅ ។
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំអោយហ្មងសៅ ពីសមុទ្រមួយ
មិនបង្អង់នៅ រហូតដល់ទៅ ស្រុកដាច់ស្រយាល ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៦ៈ៣៤-៤៤
កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហប្ញទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេ អំពីសេចក្តីផ្សេងៗជាច្រើន។ ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយសាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគ តាមផ្ទះតាមភូមិជិតៗនេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារ ឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយគេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ព្រះយេស៊ូបង្គាប់ក្រុមសាវ័កឲ្យប្រាប់បណ្តាជនអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំនិងត្រីពីរកន្ទុយនោះ មកកាន់ទ្រង់ងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានឲ្យក្រុមសាវ័ក ដើម្បីឲ្យគេចែកបណ្តាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។ អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ក្រុមសាវ័កប្រមូលនំបុ័ងនិងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗ ចំនួនប្រាំពាន់នាក់។