ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម

ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ប្រាព្ធ​ពិធី​បុណ្យ​អប​អរ​សាទរ​រាត្រី​បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​ ​តាម​រយៈ​បណ្ដាញ​សង្គម ដើម្បី​ចូល​រួម​ការពារ​ការរីករាល​ដាលជំងឺ​កូវីដ​១៩ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​​​​​ផ្សាយ​ផ្ទាល់ចេញ​ពី​ព្រះ​វិហារ​សន្តី​ម៉ារីញញឹម​(ចំការ​ទៀង​) ដោយគេហទំព័រ​ផ្លូវការណ៍​​នៃការិយាល័យ​ផ្សព្វផ្សាយ​ព្រះសហគមន៍​កាតូលិក នា​រាត្រី​ថ្ងៃ​ទៅ​២៤ ធ្នូ ២០២០ ក្រោម​អធិបតី អភិបាលព្រះសហគមន៍​កាតូលិក អូលីវីយ៉េ ជ្មីត​ហស្ល៊ែរ។

លោក​អភិបាល​អូលីវី​យេ មាន​ប្រសាសន៍ជូន​ពរ​ដល់​គ្រីស្ត​បរិស័ទ និង​អស់​លោក​ដេល​មាន​បន្ទុក​ដឹកនាំ​ព្រះសហគមន៍​ទាំងអស់​​​នៅ​ក្នុង​ឱកាស​រាត្រី​ដ៏​សុខសាន្ត​នេះ សូម​មាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម​ ដោយសារ​ព្រះសង្គ្រោះ​ប្រសូត។ លោក​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ប្លែក​ មិន​ថា​នៅ​ព្រះសហគមន៍​ប្រទេស​កម្ពុជា​ទេ គឺព្រះសហគមន៍​​នៅ​ទូ​ទាំង​ពិភព​លោកទាំង​មូល បាន​ចូល​នៅក្នុង​ភាព​ងងឹត​ដោយ​សារ​កូវីដ​១៩ និង​រាត្រី​ដ៏​សុខ​សាន្ត​នេះ​ ជារាត្រី​ដែល​យើង​ទទួល​ពន្លឺ ដែល​ជា​សេចក្ដី​សង្ឃឹម​មួយ​យ៉ាង​ប្លែក​។ លោក​អភិបាល​បន្ត​ទៀត​ថា ដោយសារ​កូវីដ​១៩ យើង​តែង​តែ​បិទ​ព្រំ​ដែន បិទ​សកម្មភាព​នានា បិទ​សាលា​​ និង​សព្វថ្ងៃ​​យើង​មិន​អាច​ប្រជុំ​លើស​ពី​២០​នាក់ ដែល​នាំ​ឱ្យ​យើង​ចែក​រំ​លែក​​អំណរ​សប្បាយ​ជាមួយ​បងប្អូន​យ៉ាង​ច្រើន​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ​តាម​រយៈ​ការ​ផ្សាយ​របស់​ការិយាល័យ​ផ្សព្វ​ផ្សាយ​របស់​ព្រះសហគមន៍​កាតូលិក​។​

នៅ​ក្នុងធម្មទេសនា លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​កូវីដ​១៩​នេះ នាំ​ឱ្យ​​យើង​អាច​មើល​ឃើញ​ភាព​ទន់​ខ្សោយ​នៃ​ពិភព​លោក​ នាំ​ឱ្យ​យើង​ឃើញ​ពី​តម្រូវ​ការជាក់​ស្ដែង និង​មាន​ភាតរភាព​រវាង​គ្នានិង​គ្នា។​ លោក​បន្ត​ថា យើង​រស់​នៅ​ក្នុង​ស្ថាន​ភាព​សង្ស័យ​ និង​វិបត្តិ​ដែល​យើង​ជួប​សព្វ​ថ្ងៃ​នេះ​នាំ​ឱ្យ​យើង​រីក​ចម្រើន អាច​ចាក់គ្រឹះ​នៅក្នុង​សេចក្ដី​សង្ឃឹម​ ដោយ​ដឹង​ថា ព្រះជាម្ចាស់​គង់​នៅ​។

ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោកអភិ​បាល​ក៏​បាន​ស្នើដល់​បងប្អូន​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ទោះ​បី​យើង​មិន​អាច​ចែក​រំលែក​អំណរ​សប្បាយ​ និង​សេចក្ដី​សុខដូច​រាល់​ឆ្នាំ​ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ ដើម្បី​អធិដ្ឋាន ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ចួប​ជាមួយ​បងប្អូន​ដែល​គ្មាន​ទីពឹង គ្មាន​សេចក្ដី​សង្ឃឹម តែ​យើង​ដឹង​ថា យើង​បាន​រៀប​ចំ​ចិត្ត​គំនិត​របស់​យើង​ធ្វើ​ជា​ផ្ទះ ធ្វើជាព្រះដំណាក់​របស់​ព្រះជាម្ចាស់។​

Facebook
Twitter
LinkedIn