ព្រះបន្ទូលសំរាប់ថ្ងៃទី ៣១ ខែធ្នូរ ឆ្នាំ២០២០

អត្ថបទទី ១

អ្នក​ប្រឆាំង​ព្រះគ្រីស្ដ
ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង​ព្រះគ្រីស្ដ​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះគ្រីស្ដ​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​អោយ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ អ្នក​ទាំង​នោះ​បាន​ចេញ​ ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​អោយ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។ ២០ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ​បាន​ចាក់​ប្រេង​​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​ រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។

ទំនុកតម្កើងលេខ ៩៦ៈ១-២, ១១-១២, ១៣

១.          ចូរច្រៀងបទថ្មីថ្វាយ                                                           ព្រះម្ចាស់ថ្លៃកុំឈរឈប់

            មនុស្សនៅលើពិភព                                                           ច្រៀងកុំឈប់ថ្វាយព្រះអង្គ                                                ។

២.          ចូរច្រៀងថ្វាយព្រះម្ចាស់                                                         តម្កើងព្រះនាមត្រចង់

            ប្រកាសរាល់ថ្ងៃផង                                                            ពីបំណងដ៏ថ្លាថ្លៃ                                                       ។

១១.         សូមអោយអស់ផ្ទៃមេឃ                                                         ផែនដីស្រែកកុំសំចៃ

            សមុទ្រមានទឹប្រៃ                                                             និងអ្វីៗមានសង្ឃឹម                                                     ។

១២.        ចូរអោយស្រែចំការ                                                            អ្វីសព្វសារអរញញឹម

            អោយដើមឈើរេរាំ                                                            លោតទន្រ្ទាំមុខព្រះម្ចាស់                                                  ។

១៣.        ដ្បិតព្រះអង្គយាងមក                                                          វិនិច្ឆ័យរកយុត្តិធម៌ណាស់                                                

            កាត់ក្តីប្រជាច្បាស់                                                            គ្មានក្រឡះដោយទៀងត្រង់                                                ។

អត្ថបទគម្ពីរដំណឹងល្អតាមសន្តយូហាន ១ៈ១-១៨

បុរេកថា
កាល​ពីដើម​ដំបូង​បង្អស់​ ព្រះ​បន្ទូល​មាន​ព្រះជន្ម​គង់​នៅ។​ ព្រះ​បន្ទូល​បែរ​ទៅ​រក​ព្រះជា​ម្ចាស់​ ហើយ​ព្រះ​បន្ទូល​ជា​ព្រះជា​ម្ចាស់។​ ២ព្រះ​បន្ទូល​បែរ​ទៅ​រក​ព្រះជា​ម្ចាស់​ កាល​ពីដើម​ដំបូង​បង្អស់។​ អ្វីៗ​សព្វ​សារពើ​សុទ្ធតែ​កើត​ឡើង​ដោយ​សារ​ព្រះ​បន្ទូល​  គឺក្នុង​បណ្តា​អ្វីៗ​ ដែល​កើត​មក​ គ្មានអ្វី​មួយ​កើត​មក​ ក្រៅ​ពី​ព្រះអង្គ​បង្កើត​នោះ​ឡើយ។​ ព្រះ​បន្ទូល​ជា​ប្រភព​នៃ​ជីវិត​ ​ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។​ ពន្លឺ​ភ្លឺក្នុង​សេចក្តី​ងងឹត​តែ​សេចក្តី​ងងឹត​ពុំបាន​ទទួល​ពន្លឺ​ទេ។

ព្រះ​ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ ឈ្មោះ​យ៉ូហាន​ឲ្យមក។​ លោក​បាន​មក​ធ្វើជា​បន្ទាល់​ផ្តល់​សក្ខីភាព​អំពី​ពន្លឺ​ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ​សារ​លោក។​ លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ​ គឺលោក​គ្រាន់តែ​មក​ផ្តល់​សក្ខី​ភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។​ ព្រះ​បន្ទូល​ជាពន្លឺ​ដ៏ពិត​ប្រាកដ​តែ​មួយ​ ដែល​មក​ក្នុង​ពិភព​លោក​ ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។​ ព្រះ​បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក​ ហើយ​ពិភព​លោក​កើត​ឡើង​ដោយ​សារ​ព្រះអង្គ​ ប៉ុន្តែ​ពិភព​លោក​ ពុំបាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។​ ព្រះ​បន្ទូល​បាន​យាង​មក​ គង់​ជាមួយ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់​ តែ​ប្រជា​រាស្ត្រ​នោះ​ពុំបាន​ទទួល​ព្រះអង្គ​ឡើយ។​ រីឯ​អស់​អ្នក​ ដែល​បាន​ទទួល​ព្រះអង្គ​ ដែល​ជឿលើ​ព្រះនាម​ព្រះអង្គ​ ព្រះ​អង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​ធីតា​របស់​ព្រះជា​ម្ចាស់។​ អ្នក​ទាំង​នោះ​ពុំមែន​កើត​ពី​លោហិត​ ពីចំណង់​តណ្ហា​ ឬ​ពីការ​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ឡើយ​ គឺ​កើត​ពី​ព្រះជា​ម្ចាស់​វិញ។

ព្រះ​បន្ទូល​បាន​កើត​មក​ជា​មនុស្ស​ ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង​រាល់គ្នា​ យើង​បាន​ឃើញ​សិរីរុង​រឿង​របស់​ព្រះអង្គ​ ជា​សិរី​រុងរឿង​នៃ​ព្រះ​បុត្រា​តែមួយ​គត់​ ដែល​មកពី​ព្រះបិតា​ ព្រះអង្គ​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​ហប្ញទ័យ​ប្រណី​សន្តោស​​ និង  ​សេចក្តី​ពិត។​ លោក​យ៉ូហាន​បាន​ផ្តល់​សក្ខី​ភាព​ អំពី​ព្រះអង្គ​ ដោយ​ប្រកាស​ថា៖​ «គឺ​លោក​នេះ​ហើយ​ ដែល​ខ្ញុំ​និយាយ​ថា​ “អ្នក​មក​ក្រោយ​ខ្ញុំ​ ប្រសើរ​ជាង​ខ្ញុំ​ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។​ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ​ហប្ញទ័យ​ប្រណី​សន្តោស​ មិន​ចេះ​អស់​មិនចេះ​ហើយ​ ពីគ្រប់​លក្ខណ​សម្បត្តិ​របស់​ព្រះអង្គ​ ដ្បិត​ព្រះជា​ម្ចាស់​ប្រទាន​ធម្មវិន័យ​ តាម​រយៈ​លោក​ម៉ូសេ​ ហើយ​ទ្រង់​បាន​សម្តែង​ព្រះហប្ញ​ទ័យ​ប្រណី​សន្តោស​ និង​សេចក្តី​ពិត​ តាម​រយៈ​ព្រះយេស៊ូ​គ្រីស្ត។​ ពុំ ដែល​មាន​នរណា​ម្នាក់​ បាន​ឃើញ​ព្រះជា​ម្ចាស់​ឡើយ​ មាន​តែ​ព្រះ​បុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ​ ដ្បិត​ព្រះបុត្រា​មាន​ព្រះជន្ម​រួម​ជាមួយ​ព្រះបិតា។

Facebook
Twitter
LinkedIn