អត្ថបទទី ១
ព្រះអង្គបានបូជា ព្រះជន្មដើម្បីលោះយើងអោយរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
វិន័យថ្មីៈ ត្រូវស្រឡាញ់គ្នាជាបងប្អូន
ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាម ព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
កូនចៅជា ទីស្រឡាញ់អើយ ខ្ញុំមិនសរសេរវិន័យថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរវិន័យចាស់ ជាវិន័យដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ វិន័យចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។ យ៉ាងណាមិញ វិន័យថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រីស្ដ និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើអោយគាត់រវាតចិត្តចេញពីជំនឿឡើយ។ រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើអោយភ្នែករបស់គេទៅជាខ្វាក់។
ទំនុកតម្កើងលេខ ៩៦ៈ ១-២, ២-៣, ៥-៦
១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ ។
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
៥. ព្រះនៃសាសន៍ផ្សេងណា មិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ ។
៦. មានពន្លឺរស្មី ចែងចាំងក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែក បារមីប្លែកថ្កើងត្រចង់ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តលូកា ២ៈ២២-៣៥
ពិធីថ្វាយព្រះឱរសយេស៊ូ នៅក្នុងព្រះវិហារ
លុះដល់ពេលកំណត់ដែលលោកយ៉ូសែបនិងនាងម៉ារីត្រូវធ្វើពិធីជំរះកាយ ឲ្យបានបរិសុទ្ធ តាមធម្មវិន័យ លោកម៉ូសេអ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់ មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ អ្នកទាំងពីរថ្វាយយញ្ញបូជាតាមធម្មវិន័យរបស់ព្រះអម្ចាស់បានចែងទុកមក គឺថ្វាយ ”លលកមួយគូឬព្រាបស្ទាវពីរ”។ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ត ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមធម្មវិន័យ លោកតាស៊ីម៉ូនក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
«បពិត្រព្រះដ៏ជាចៅហ្វាយ !
ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។
ដូច្នេះ សូមឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ
ដោយសុខសាន្តផងចុះ
ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់
គឺជាពន្លឺដែលនាំឲ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ
និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៊ីម៉ូន
មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់ នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍ អំពីព្រះឱរសណាស់។ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។បុត្រនេះជាទីសម្គាល់មួយ បង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។