អត្ថបទទី ១
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
ពេលព្រះបាទដាវីឌមានវាំងគង់នៅស្រួលបួល ហើយបន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានអោយស្ដេចបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ស្ដេចក៏មានរាជឱង្ការ ទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់ សំពត់!»។ ព្យាការីណាថានទូលស្ដេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមធ្វើចុះ ដ្បិតព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ «ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់អោយយើងនៅ”។
ហេតុនេះត្រូវប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីអោយអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើអោយអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ យើងប្រគល់ស្រុកមួយ អោយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានអោយគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន ឬដូចនៅគ្រាដែលយើង បានតែងតាំងពួកវីរបុរស អោយគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ។ យើងអោយអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងអោយអ្នកមានសន្តតិវង្សមួយផង។
ទំនុកតម្កើងលេខ ៨៩៖ ២-៣, ៤-៥
២. ឱ! ព្រះជាម្ចាស់ ខ្ញុំមិនគេចប្រាស នឹងច្រៀងតម្កើង បង្គំព្រះអង្គ
ព្រះទ័យខ្ពស់ថ្កើង អស់កល្បយូរលង់ អង្វែងតទៅ ។
៣. ខ្ញុំប្រកាសថា ព្រះទ័យមេត្តា ករុណាត្រឹមត្រូវ របស់ព្រះអង្គ
ស្ថិតស្ថេរគង់នៅ មាំមិនអាស្រូវ ដូចផ្ទៃមេឃា ។
៤. យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា ជ្រើសលោកដាវីឌ
ហើយតែងតាំងជា បំរើការពារ ឥតមានប្រែប្រួល ។
៥. យើងនឹងតាំងពង្ស ពូជអ្នកអោយគង់ នៅជុំត្រកូល តាំងរាជ្យអោយអ្នក
នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល អង្វែងដរាប់ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តលូកា ១៖ ៦៧-៧៩
ទំនុកតម្កើងរបស់លោកសាការី
៦៧ ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ ៦៨ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហប្ញទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានប្ញទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែង តាមរយៈព្យាការីរបស់ព្រះអង្
គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងអោយរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
៧២ ព្រះអង្គសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់បុព្វបុរសរបស់យើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៊ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ ទ្រង់នឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធនិង សុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា
ព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង
៧៩ និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតំរង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត»។





