សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទងនឹងចំនួនលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់ផ្សេងទៀតជាប់និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។
លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំងដែលបានឃើញសិស្សទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។
លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យានិងដាក់វិស្សមកាលមុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមានសិស្សានុសិស្សចូលរួមសហការយ៉ាងសកម្មផងដែរ។
នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ ដល់លោកនាយក នាយិការង និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online) នៅអំឡុងពេលជួបវិបត្តិកូវីដ-១៩ ក៏ដូចជាការខិតខំយកចិត្តទុកដាក់បង្រៀនបំប៉នបន្ថែមដល់សិស្ស និងយកចិត្តទុកដាក់ដឹកនាំ ការពិសោធការសរសេររបាយការណ៍ និងការការពារលើរបាយការណ៍គម្រោងប្រតិបត្តិរបស់សិស្សរហូតដល់ទទួលបាននូវភាពជោគជ័យជាស្ថាពរ៕
ដាលីស