ព្រះសហគមន៍ពាក់ស្នែង ជាវត្តមានរបស់ព្រះយេស៊ូក្នុងទីដាច់ស្រយាល

ព្រះសហគមន៍កាតូលិក ព្រះវិហារ សន្តអ៊ីញ៉ាស៊ីយ៉ូ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ ព្រះសហគមន៍នេះមានចំងាយ ប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងនៃក្រុងសៀមរាប។

តាមលោកធឹម ធន់ តំណាងគណៈកម្មការ ព្រះសហគមន៍ពាក់ស្នែង នៃព្រះវិហារ សន្ត អ៊ីញ៉ាស៊ីយ៉ូ បានឲ្យដឹងថា ព្រះវិហារក្នុងភូមិពាក់ស្នែងថ្មី និងចាស់មាន គ្រីស្តបរិស័ទ ចំនួន៨គ្រួសារ ប្រមាណ៣០នាក់ អ្នកស្វែងរកយល់អំពីព្រះយេស៊ូកុមារ ប្រមាណ៤០នាក់ ជំហានទី១ ចំនួន៤០នាក់ និង មនុស្សពេញវ័យ ៨នាក់។

តាមលោកធឹមធន់បានឲ្យដឹងទៀតថា ព្រះសហគមន៍កាតូលិកមានសកម្មភាពជាក់ស្តែងក្នុងតំបន់នេះក្នុងឆ្នាំ២០០៧ ដែលផ្តោតលើវិស័យអប់រំ មានសាលាមត្តេយ្យកំរិតទាបនិងកំរិតខ្ពស់ ថ្នាក់ភាសាអង់គ្លេស មានកម្មវិធីអប់រំសម្រាប់ស្ត្រីជាមាតា អំពីអនាម័យ អំពីរបៀបថែរក្សាកូន អំពីក្រុមគ្រួសារ។ ក្នុងនោះក៏មានកម្មវិធីអាហារបំប៉នផងដែរ។

ព្រះសហគមន៍បានខិតខំជួយដល់យុវជន និងកុមារឲ្យគេមានឱកាសទទួលបានការអប់រំ អភិវឌ្ឍចំណេះដឹង ផ្នត់គំនិត ដើម្បីឲ្យគេក្នុងពេលអនាគត អាចជួយសង្គម និងក្រុមគ្រួសាររបស់គេបាន។ លោកធឹម ធន់ ធឹមធន់បន្តថា យុវសិស្សភាគច្រើនណាស់បានឈប់រៀនមុនបញ្ចប់ថ្នាក់ទី១២ ព្រោះសាលាឆ្ងាយ ។ ហើយពួកគេភាគច្រើនទៅរកការងារធ្វើនៅក្រុងសៀមរាប ឬទៅប្រទេសថៃ ឬធ្វើចម្ការជាដើម។ អ្វីសំខាន់អរគុណព្រះជាម្ចាស់ដែលបានប្រទានឲ្យយើងមានកន្លែង ដើម្បីជួយដល់កុមារាកុមារី និងក្រុមគ្រួសារនៅក្នុងភូមិនេះ។

លោកធឹម ធន់ បានរំលឹកអំពីដើមចម ដែលព្រះសហគមន៍ មានសកម្មភាព ក្នុងតំបន់នេះថា ក្នុង១៩៩៧ ឬ១៩៩៨ លោកផ្ទាល់ជាបុគ្គលិកអង្គការការីតាស ផ្នែកសុខភាព និងអភិវឌ្ឍសហគមន៍ ។ ក្នុង២០០០ លោកចប់ជាមួយការីតាស នៅតែបន្តមក សួរសុខទុក្ខ អប់រំកុមារអំពីអនាម័យ។

ក្រោយមកមានគេចាប់អារម្មណ៍អំពីសកម្មភាពនេះ លោកក៏ខ្ចីដីអ្នកភូមិ ដើម្បីធ្វើកន្លែងតូចមួយសម្រាប់ជួបជុំគ្នា និងអប់រំកុមារ។ ក្រោយមក មានកម្មវីធីបង្រៀនបំប៉នកុមារថ្នាក់ទី១ ទី២ លើមុខវិទ្យា គណិតវិទ្យា និងភាសាខ្មែរ។ ហើយក៏បន្តមកដល់សព្វថ្ងៃ។ ក្នុងក្តីស្រមៃដើម្បីកសាងព្រះសហគមន៍ដោយគិតអំពីចម្ការ ព្រះសហគមន៍ក៏បានទិញដីចម្ការ ចំនួន១៦ហិតា ដាក់ឈ្មោះថាចំការព្រះយេស៊ូនៅភូមិពាក់ស្នែងថ្មី។ ពេលនេះជាព្រះវិហារសន្តអ៊ីញ៉ាស៊ីយ៉ូ មានគ្រីស្តបរិស័ទចំនូន៨គ្រួសារ ស្នើនឹង៣០នាក់ ទាំងពាក់ស្នែងចាស់ និងថ្មី។

នៅពាក់ស្នែងថ្មីមានមនុស្សពេញវ័យចំនួន៧នាក់កំពុងទទួលអប់រំជនឿ។ ព្រះវិហានេះមានអភិបូជារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១០ព្រឹក។ យុវនារី ចន្ថា ដែលស្ម័គ្រចិត្តមកបង្រៀនភាសាអង់គ្លេសដល់កុមារក្នុងភូមិពាក់ស្នែងចាស់ បានឲ្យដឹងថា នាងមកបង្រៀនភាសាអង់គ្លេសដល់កុមារក្នុងរយៈខ្លី ពេលវិស្សមកាលប៉ុណ្ណោះ។ ចន្ថាបន្តថា «មូលហេតុដែលស្មគ្រចិត្តមកបង្រៀន ដោយសារកុមារក្នុងភូមិនេះគេចាប់អារម្មណ៍យកចិត្តទុកដាក់ចង់ចេះ និងគួឲ្យស្រលាញ់។ ម្យ៉ាងទៀតកុមារនៅទីនេះ ពុំសូវមានឱកាសបានរៀនភាសាអង់គេ្លសទេ។

នាងបន្តថាការបង្រៀនការលំបាកដែរ ពេលគេមិនចេះសរសេរ។ ចំណុណនេះកាន់តែមានទឹកចិត្តវិញទេព្រោះកាន់តែអាណិតពួកគេទ្វេរដង»។ មិនសូវខុសគ្នាប៉ុន្មានយុវនារី សុខ ខៃ ដែលជាមិត្តភក្តិរបស់ចន្ថា ជាអ្នកស្ម័គ្រចិត្ត ទៅ បង្រៀននៅពាក់ស្នែងដែរ បានរៀបរាប់ថា នាងរីករាយ ក្នុងការបង្រៀនកុមារនៅក្នុងភូមិនេះ។ អ្នកគ្រូធីតា គ្រូអប់រំជំនឿ នៅព្រះវិហារសន្តអ៊ីញ៉ាស៊ីយ៉ូ ដែលបានធ្វើសកម្មភាពជាមួយព្រះសហគមន៍នេះចំនួន៩ឆ្នាំហើយ។

អ្នកគ្រូមានដើមកំណើតនៅខេត្តកំពង់ចាម និងបានទទួលអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្តបរិស័ទក្នុងឆ្នាំ២០០០។ អ្នកគ្រូឲ្យដឹងថា អ្នកគ្រូស្ន័គ្រចិត្តមកស្នាក់ និងបង្រៀនអប់រំជំនឿដល់បងប្អូនក្នុងតំបន់ដាច់ស្រយាល ព្រោះអ្នកគ្រូជឿថា ព្រះយេស៊ូ បានចាត់សាវ័កឲ្យទៅដើម្បីប្រកាសដំណឹងល្អ ដល់ទីដាច់ស្រយាលនៃផែនដី។

អ្នកគ្រូស្ម័គ្រចិត្តមក ដូចព្រះបន្ទូលព្រះយេស៊ូ ដើម្បីឲ្យបងប្អូនបានទទួលការសង្គ្រោះ។ ធីតាបន្តថា អ្វីៗទាំងអស់ ព្រះជាម្ចាស់ជាអ្នករៀបចំសម្រាប់ជីវិតរបស់ខ្ញុំ។ ព្រះអង្គជ្រាបពីជម្រៅចិត្តរបស់ខ្ញុំ ព្រះអង្គចាត់ខ្ញុំមក ស្របតាមលក្ខណៈជីវិតរបស់ខ្ញុំដែរ។

អ្នកគ្រូបន្ថែមថា «ខ្ញុំសប្បាយមែន នេះជាបេសកកម្មព្រះយេស៊ូឲ្យខ្ញុំធ្វើមែន។ មកតំបន់ដាច់ស្រយាល ព្រះអង្គការពារខ្ញុំពិត»។ គ្រូអប់រំជំនឿរូបនេះបន្តថា បងប្អូននៅតំបន់នេះ គេមានជំនឿដើមមាំណាស់ ដែលជាជំនឿចាស់ពីដូនតាមក។ គេចាប់អារម្មណ៍អំពីយើង ដោយសារសកម្មភាពមេត្តាករុណារបស់ព្រះសហគមន៍។

បន្តិចម្តងៗ បងប្អូនប្រជាជនក្នុងភូមិបានបើកចិត្តទទួលយើង និងមិនរើសអើងយើងឡើយ។ ព្រះសហគមន៍ពាក់ស្នែង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាជនក្នុងមូលដ្ឋាននោះផងដែរ ព្រមទាំងមានសកម្មភាពជាច្រើនទៀតក្នុងការបម្រើ និងជួយដល់បងប្អូនក្រីក្រ និងយុវជនយុវនារីឲ្យមានការអប់រំល្អ សម្រាប់ធនធានរបស់សង្គមកម្ពុជាដែលមានគុណភាពពិតៗ ព្រមទាំងបាននាំដំណឹងល្អដល់ប្រជាជនដល់ទីដាច់ស្រយាល។ ព្រះវិហារនេះមានលោកឪពុកតូតែត ជាបូជានចារ្យទទួលខុសត្រូវ៕ លីសុវណ្ណា

Facebook
Twitter
LinkedIn