លោកអភិបាលអូលីវីយេ ជំរុញឱ្យបូជាចារ្យភូមិភាគភ្នំពេញប្រកាសដំណឹងល្អចូលក្នុងវប្បធម៌

“ប្រសិនបើដំណឹងល្អមិនចូលក្នុងវប្បធម៌ទេ នោះអ្វីៗដែលយើងប្រកាសមិនចូល​ទៅក្នុងចិត្ត​របស់មនុស្សទេ។ ការប្រកាសដំណឹងល្អអាចជោគជ័យលុះត្រាតែ មនុស្សដែលជាសមាជិក​នៅក្នុងសង្គម​ឬសហគមន៍ ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត និងណែនាំឱ្យ​ព្រះបន្ទូល​នេះមាន​ផលផ្លែ​នៅក្នុងជីវិតឬបស់ពួកគាត់ដែរ”។ លោកអភិបាល​មានប្រសាសន៍ដូច្នេះ​នៅក្នុងអង្គប្រជុំបូជាចារ្យ​ភូមិភាគភ្នំពេញ នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៅភ្នំពេញថ្មី។

លោកអូលីវីយេ បានក្រើនរំឭកអស់លោកបូជាចារ្យ ឱ្យមើលពីរបៀបដែលសម្ដេចប៉ាបប៉ូលទី១៦ សរសេរ​អំពីការប្រកាសដំណឹងល្អ គឺត្រូវប្រកាសដោយគុណធម៌ សីលធម៌ ប្រកាសដោយចូលទៅក្នុងការរស់នៅ គឺចូលទៅក្នុងវប្បធម៌ និងអរិយធម៌តាមតំបន់នីមួយៗ។

លោកអភិបាលបញ្ជាក់ទៀតថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូល​របស់ព្រះជាម្ចាស់បង្ហាញពីអ្វីដែលអស្ចារ្យនៅក្នុងវប្បធម៌នីមួយៗ ដែលអាចទៅជាប្រភពនៃជីវិតថ្មីផង និងជាគំរូសម្រាប់ជីវិតមនុស្សលោកផង ដោយដឹងថាដំណឹងល្អចូលទៅក្នុងសង្គមមនុស្ស។

លោកបន្ថែមថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់​បង្ហាញ​អំពីភាពអស្ចារ្យ និងសេចក្ដីពិត ព្រមទាំងតម្លៃដែលវប្បធម៌នីមួយៗមាន និងជារបៀបថ្មី​ដែល​ព្រះបន្ទូល​បង្ហាញខ្លួន។

ទាក់ទងទៅនឹងការប្រកាសដំណឹងល្អនៅក្នុងវប្បធម៌នេះដែរ លោកអភិបាលអូលីវីយេ លើកទឹកចិត្តដល់​ក្រុមសាសនទូតទាំងអស់ឱ្យប្រកាសដំណឹងល្អចូលក្នុងវប្បធម៌ខ្មែរ ដោយមិនត្រឹមតែរៀន​ភាសាខ្មែរប៉ុណ្ណឹងទេ ប៉ុន្តែចូលទៅគ្រប់ទំនាក់ទំនង គ្រប់សកម្មភាព ដោយធ្វើដំណើរនៅក្នុងពន្លឺជានិច្ច៕

Facebook
Twitter
LinkedIn