“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្ត្រីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា ២០២០នេះ។
លោកអូលីវីយេបញ្ជាក់ទៀតថា អត្ថបទគម្ពីរណែនាំឱ្យយើងប្រុងស្មារតីនឹងស្ថានភាពបច្ចុប្បន្ន។ តាមពិតជីវិតរបស់យើងត្រូវរៀបចំជានិច្ច។
ក្នុងរដូវកាលកូវីដ១៩នេះ ណែនាំឱ្យយើងភ្ញាក់ស្មារតីផងដែរ ដែលជាហេតុនាំឱ្យយើងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា យើងជាគ្រីស្តបរិស័ទ យើងត្រូវរៀបចំជីវិតរបស់យើងជានិច្ច ត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ព្រះយេស៊ូដែលចង់ជួបយើងនៅថ្ងៃណាមួយ។
លោកបន្ថែមថា កូវីដ១៩ នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាពេលវេលាមួយដើម្បីឱ្យយើងភ្ញាក់ស្មារតី ធ្វើដូចម្ដេចដើម្បីអាចចូលរួមយ៉ាងសកម្មនៅក្នុងជីវិតរបស់យើង នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យជីវិតរបស់យើងអាចបំភ្លឺបងប្អូនឯទៀតៗ។
ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកឡើងផងដែរអំពីបន្ទូលរបស់សម្ដេចប៉ាបថា “នៅលើផែនដីនេះ យើងជាបងប្អូន ជាគ្រួសារតែមួយ ជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់តែមួយ”។
ក្នុងអត្ថន័យនេះ លោកអភិបាអូលីវីយេ បានក្រើនរំឭកដល់គ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជាទាំងអស់គួរធ្វើដើម្បីក្លាយជាគ្រួសារតែមួយគឺ៖ សុខចិត្តសាមគ្គី សន្ទនាដោយផ្ទាល់ដើម្បីសម្រុះសម្រួលបញ្ហា និងនិយាយពីបញ្ហាជាមួយគ្នាដោយផ្ទាល់មាត់។
សព្វថ្ងៃយើងមានការភ័យខ្លាចជំងឺកូវីដ ប៉ុន្តែសូមកុំឱ្យការភ័យខ្លាចរបស់យើងទៅជាវប្បធម៌ថ្មី តែយើងត្រូវប្រុងប្រយ័ត្នដោយរក្សាអនាម័យ ដោយមិនបិទដួងចិត្តរបស់យើងឡើយ។
លោកបញ្ជាក់ថា កុំឱ្យវប្បធម៌ថ្មី ធ្វើឱ្យយើងមានចិត្តចង្អៀតចង្អល់ មានភាពអាត្មានិយម ប៉ុន្តែសូមឱ្យយើងមានចិត្តសាមគ្គីដើម្បីណែនាំយើងមានជីវិតថ្មីនៅក្នុងពិភពថ្មីដែលពោរពេញដោយក្ដីសង្ឃឹម។