អត្ថបទទី ១
១៨ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
បទបញ្ជាដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។
១៩ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ
នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
ទំនុកតម្កើងលេខ ១៖ ១, ២, ៣, ៤, ៦
១. អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន ហើយមិនចូលចិត្ត ដើរតាមស្នាដាន អ្នកនោះនឹងមាន មង្គលពេកក្រៃ ។
២. តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ ឥមានភ្លេចភ្លឹក ។
៣. អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក មិនស្លោកស្រពោន អោយផលផ្លែស្លឹក ចំរើនសន្ធឹក តាមកាលរដូវ ។
៤. រីមនុស្សអាក្រក់ មានចិត្តគំរក់ កេរ្តិ៍ឈ្នោះអាស្រូវ ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ បាចសាចខ្ចាត់ខ្ចាយ ។
៦. ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស មាគ៌ាប្រណីត នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ នាំខ្លួនអន្តរាយ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ១១៖ ១៦-១៩
តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា ? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេង ដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូត្របទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបានមកលោកតមអាហារ តមសុរា តែគេថាលោកមានខ្មោចចូល រីឯបុត្រមនុស្សក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។