ភូមិភាគបាត់ដំបងបើកអង្គប្រជុំប៉ាស្តូរ៉ាល់ លើកទី២១

អង្គប្រជុំប៉ាស្ទូរ៉ាល់លើកទី២១ របស់ព្រះសហគមន៍ភូមិភាគបាត់ដំបង បានរៀបចំក្រោមប្រធានបទ “ចូរស្ថិតនៅជាប់នឹងខ្ញុំ ហើយស្តាប់បង្គាប់ខ្ញុំ” ដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ នៅព្រះសហគមន៍បាត់ដំបងក្រុង(ពេទ្យយាយជី)នៃខេត្តបាត់ដំបង។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី០៩ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយកចិត្តទុកខ្ពស់ អំពីវិធានសុវត្ថិភាពនានា ដោយអ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស់ អង្គុយឃ្លាតឆ្ងាយពីគ្នា និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារការឆ្លងជំងឺកូវីដ១៩។

មានប្រសាសន៍ក្នុងពេលបើកអង្គប្រជុំ លោកគីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងបានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទថា សព្វថ្ងៃយើងនៅក្នុងរដូវសម័យកូវីដ ដែលនាំឲ្យយើងអសកម្មការប្រកាសដំណឹងល្អក្នុងប្រទេសកម្ពុជា។

លោកអភិបាលបានលើកឡើងអំពីការផ្អាកសកម្មភាពមួយចំនួន ដូចជា ការធ្វើអគ្គសញ្ញាជ្រមុជទឹកសម្រាប់បេក្ខជន១០០នាក់ ដែលត្រូវធ្វើក្នុងឱកាសបុណ្យចម្លងឆ្នាំនេះ ប៉ុន្តែអាចធ្វើបានប្រហែល៤០នាក់ប៉ុណ្ណោះ ក្នុងនោះមាននៅព្រះសហគមន៍ចំណោម ប៉ៃលិន និងស្វាយស៊ីសុផុន។

លោកអភិបាលបញ្ជាក់ថា ចាប់តាំងពីមានកូវីដ១៩ កាអប់រំជំនឿត្រូវបានផ្អាក ប៉ុន្តែបច្ចុប្បន្ន យើងចាប់ផ្តើមឡើងវិញ។

ដោយសារកូវីដ១៩ ជាឧបសគ្គនាំឲ្យយើងស្ទះកិច្ចការងារជាច្រើន ប៉ុន្តែប្រហែលនាំឲ្យយើងមានកំលំាងចិត្តជាងមុន។ នេះបើយោងតាមសម្តីរបស់លោកអភិបាលគីគេ។ លោកអភិបាលបានសុំឲ្យបងប្អូនប្រមូលកំលំាងរួមគ្នា ដើម្បីនាំមុខ ជួយគ្នាទៅវិញទៅមក។ លោកបញ្ជាក់ថា «បញ្ហាដែលយើងមាន ខ្ញុំសុំឲ្យមានការប្រជុំជជែកគ្នា យើងធ្វើដូចនេះដើម្បីឲ្យយើងមានកំលំាងថ្មី ទោះបីសម័យកូវីដ១៩ យើងត្រូវមានចិត្តសាមគ្គីគ្នាច្រើនជាង ឲ្យយើងលើកទឹកចិត្តទៅវិញទៅមក ឲ្យយើងមានកំលាំងទៅវិញទៅមក ដើម្បីឲ្យមានដំណើរការល្អប្រសើរជាងមុន ដោយយើងចេះគិត ចេះយកចិត្តទុកដាក់ ឲ្យមានទឹកចិត្តចេះជួយគ្នាទៅវិញទៅមក»។

លោកអភិបាលក៏បាកបញ្ជាក់ឲ្យបងប្អូនយកចិត្តទុកដាក់ ទី១ គឺ អធិដ្ឋានជាក្រុម ឬផ្ទាល់ខ្លួន ព្រោះការអធិដ្ឋានមានសារៈសំខាន់ណាស់។ អធិដ្ឋាននៅផ្ទះ ក្នុងព្រះវិហារ ចូលរួមក្នុងអភិបូជា ចូលរួមក្នុងការអធិដ្ឋាននានាមានសារៈសំខាន់ ដើម្បីមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ទី២ គឺ សូមស្តាប់និងរៀន។ សូមយើងរៀននិងរកយោបល់ ពន្លឺ ដើម្បីឲ្យយើងមានកំលាំង។ ពន្លឺកើតឡើងពីទំនាក់ទំនងដែលយើងមាន ដែលយើងជួយលើកទឹកចិត្តគ្នា យើងចេះស្តាប់ ក្នុងឱកាស៣ថ្ងៃនេះ និងអ្វីដែលយើងមានក្នុងចិត្ត យើងអាចចែករំលែក និងស្តាប់ និងអ្វីដែលគ្រូបង្រៀន។ ទី ៣.ពង្រឹងអ្វីដែលយើងគិត។ សម្តេចប៉ាបបានចេញលិខិតមួយ ក្នុងពេលថ្មីនេះគឺ យើងទាំងអស់គ្នាជាបងប្អូន។ សម្តេចប៉ាបបានប្រាប់ពាក្យប្រស្នាព្រះគម្ពីរ អ្នកស្រុកសាម៉ារីដ៏សប្បុរសដើម្បីឲ្យយើងដឹងថា យើងជាបងប្អូននឹងគ្នា ហើយយើងត្រូវប្រព្រឹត្តឲ្យដូចបងប្អូន ហើយទឹកចិត្តដែលយើងមាននឹងបង្កើតមហាគ្រួសារមួយជាបងប្អូន។ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និង កំពង់ធំ។

ព្រះសហគមន៍ បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការបម្រើបងប្អូនគ្រប់គ្នា អ្នកក្រីក្រ ទុរគតជន ចាស់ជរា និងជនពិការជាដើម ជាពិសេសជនរង់គ្រោះដោយទឹកជំនន់ និង ប៉ះពាល់ដោយកូវីដ១៩។

Facebook
Twitter
LinkedIn