នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រះសហគមន៍កាតូលិកបាត់ដំបង ដឹកនាំដោយលោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គីគេ) និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ត្រីខកំប៉ុង និងមី ប្រគេនជូនដល់ប្រធានសាខា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបង (ពសសបប) ។
នៅក្នុងពិធីសំណេះសំណាលនាពេលនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងបានមានប្រសាសន៍ថា ការប្រគេនអំណោយដល់ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបង ដើម្បីបង្ហាញក្តីស្រលាញ់ លើកទឹកចិត្ត និងចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជាដែលកំពុងជួបនូវបញ្ហាគ្រោះធម្មជាតិ និងកូវីដ១៩ នាពេលបច្ចុប្បន្ន។
លោកបានបន្តទៀតថា៖ ស្របតាមលិខិតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ “យើងទាំងអស់គ្នាជាបងប្អូន” សូមអោយយើងសហការគ្នា លើកទឹកចិត្តគ្នា យើងត្រូវចេញទៅរកបងប្អូនដែលមានឧបសគ្គ បញ្ហា ឬបងប្អូនដែលមានមធ្យោបាយ ដើម្បីរួមគ្នាដោះស្រាយឧបសគ្គដែលយើងមាន” ។
នាឱកាសនោះដែរ ព្រះតេជគុណ វី សុវិជ្ជា ប្រធានសាខា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបង បានមានសង្ឃដីកាថា៖ «ការផ្តល់អំណោយរបស់លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ជូនដល់សាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបងនេះ ដើម្បឱ្យចាត់ចែកមនុស្សធម៌បន្ត គឺជាផ្នែកមួយនៃទំនាក់ទំនងអន្តរសាសនាផង ហើយក៏ជាផ្នែកមួយនៃមិត្តភាពរវាងសាខាពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបង និងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង»។
លោកមានដីកាបន្ថែមថា ក្នុងនាមជាអ្នកប្រតិប័តន៍សាសនានៅក្នុ្ងងប្រទេសកម្ពុជា យើងធ្វើកិច្ចការងាររួមគ្នាដើម្បីមនុស្សធម៌ ឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោក។
ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃមេរោគឆ្លង កូវីដ១៩ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនេះ ដោយបានចូលរួមផ្សព្វផ្សាយ ក៏ដូចជាឆ្លើយតបបន្ទាន់ ក្នុងកិច្ចការមនុស្សធម៌ ជួយដល់បងប្អូនក្រីក្រក្នុងសហគមន៍ ដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃមេរោគឆ្លងនេះ។ ក្រៅពីនេះក៏បានឆ្លើយតបបន្ទាន់ផងដែរ នូវការឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕