ជាមួយនឹងការរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង អង្គការការីតាសកម្ពុជា បានផ្តល់នូវ សម្ភារជំនួយមនុស្សធម៌ ដើម្បីសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនិងចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងទទួលរងការលិចលង់ធ្ងន់ធ្ងរ ដោយសារតែជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃនោះ។
សម្ភារជំនួយមនុស្សធម៌របស់អង្គការការីតាសកម្ពុជាដែល រួមមាន ទូកសង្គ្រោះ(បា ឡាស្មាច់)ចំនួន ៦ទូក អាវពោងសុវត្ថិភាព ១០អាវ មុង២០០ ភួយ២០០ តង់កៅស៊ូ២០០ ត្រូវ បានប្រគល់ជូនអាជ្ញាធរកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ។
ក្នុងឱកាសនោះលោក អ៊ុ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ដ៏ថ្លៃថ្លារបស់អង្គការការីតាសកម្ពុជា ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ក្នុងនោះសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃយ៉ាងធ្ងន់ធ្ងរជាងគេមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
លោក អ៊ុ រាត្រី បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យបានទទួល រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួនពីរលើកដែលជំនន់លើកទី១ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ ជំនន់ទឹកភ្លៀងកើតឡើងបណ្ដាលឱ្យលិចលំនៅឋាន ប្រជាពលរដ្ឋរស់នៅតាម បណ្ដោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រអូរបីជាន់ ស្រុកអូរជ្រៅចំនួន ៦៩គ្រួសារ បាន ជម្លៀសមកនៅទីទួលសុវត្ថិភាពស្ថិតនៅក្នុងសាលាឃុំ អូរបីជាន់។
ជំនន់លើកទី២ ចាប់ពីថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាពបង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ គួបផ្សំនឹងទឹក ហូរពីអូរព្រំដែនកម្ពុជា-ថៃផង ជំនន់ទឹកភ្លៀងក៏កើតឡើងម្ដងទៀតបានធ្វើឱ្យកម្រិតទឹកស្ទឹង មង្គលបូរី និងស្ទឹងសេរីសោភ័ណ ហក់ឡើងលើសកម្រិតប្រកាសអាសន្ន បណ្ដាលឱ្យលិចតាម តំបន់ទំនាប ភូមិតាមមាត់ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន។
លោកអភិបាលខេត្ដបន្ទាយមានជ័យបានបន្ដទៀតថា រហូតមកដល់ពេលនេះមានមនុស្សលង់ទឹកស្លាប់ចំនួន ១៨នាក់ ប៉ះពាល់លំនៅឋានចំនួន ២៩.២២៥ខ្នង លិចស្រែចំនួន ៦៤.៣៧២ហិកតា ដំឡូងមីចំនួន ៦០.២៥៩ហិកតា ដំណាំរួមផ្សំចំនួន ៩៨៩ហិកតា សាលារៀនចំនួន ១៨៦កន្លែង មណ្ឌលសុខភាពចំនួន៩កន្លែង វត្តអារាមចំនួន ៦០ សាលា ឃុំចំនួន០៥កន្លែង ផ្លូវប្រវែង៥៣៥គីឡូម៉ែត្រ អណ្ដូងស្នប់ចំនួន ៥៤កន្លែង និងលិចទំនប់ អាងប្រវែង ៣៤គីឡូម៉ែត្រ៕