អត្ថបទគម្ពីរដំណឹងល្អលូកា ១១ៈ៣៧-៤១
ពុតត្បុតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី
កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលមានបុរសម្នាក់ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ត មុនពេលសោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូល ទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ អ្នករាល់គ្នាសំអាតពែងនិងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែផ្នែកខាងក្នុងរបស់អ្នករាល់គ្នា ពោរពេញទៅដោយចិត្តកេងប្រវ័ញ្ចនិងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅនោះ ប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។