ពិធីបញ្ចុះគ្រឹះរបស់បឋមសិក្សាមាតានៃសន្តិភាព

សាលាបឋមសិក្សាមាតានៃសន្តិភាពដែលជាសាលារបស់ព្រះវិហារសន្តីម៉ារី នៃព្រះសហគមន៍សហគមន៍ច្រាបវាល នឹងមានអាគារសិក្សាថ្មី ជាច្រើនបន្ទប់។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោក ទេព ច័ន្ទពិសិដ្ឋ រួមនិងសហការីរបស់លោក និងរដ្ឋអំណាចក្នុងតំបន់ បានចូលរួមជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសម្រាប់អាគារសាលានេះ។

ព្រះសហគមន៍ច្រាបវាលបានបង្កើតសាលាមត្តេយ្យនិងសាលាបឋមសិក្សាជាច្រើនឆ្នាំមកហើយ តែដោយសារមានចំនួនសិស្សកាន់តែច្រើន ធ្វើឱ្យគ្មានកន្លែងគ្រប់គ្រាន់ដើម្បីទទួលសិស្ស។

ដោយមានជំនួយពីក្រុមគ្រួសារបងស្រីឧសុលីន ព្រះសហគមន៍បានសម្រេចចិត្តមានអាគារសិក្សាថ្មីបន្ថែមទៀត ដើម្បីឱ្យកុមារមានកន្លែងរៀនសមរម្យ និងទទួលបានការអប់រំល្អ។

គម្រោងនៃការសាងសង់របស់សាលានេះរួមមាន អាគារ១ខ្នងកម្ពស់១ជាន់(ជាន់ផ្ទាល់ដី និងជាន់ទី១) សរុបមាន១២បន្ទប់ មានថ្នាក់រៀន៩បន្ទប់ ថ្នាក់កុំព្យូទ័រ១បន្ទប់ ការិយាល័យ១បន្ទប់ បន្ទប់សិល្បៈ១បន្ទប់ និងមានអាគារសម្រាប់កម្មវិធីផ្សេងៗ។

បច្ចុប្បន្ន សាលានេះមានគ្រូចំនួន៤នាក់ និងសិស្សចំនួន១៤០នាក់។ សាលាបឋមសិក្សាមាតានៃសន្តិភាព ស្ថិតនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

Facebook
Twitter
LinkedIn