សិក្ខាសាលាបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំផ្អែកលើជំនឿ” ត្រូវបានបិទបញ្ចប់ នាថ្ងៃទី២៤ សីហា២០២០នេះ ដែលរៀបចំឡើងដោយ ការិយាល័យយុវជនព្រះសហគមន៍ភូមិភាគបាត់ដំបង។
កម្មវិធីនេះជាវគ្គទី២ ធ្វើឡើង រយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង ដែលសម្របសម្រួលកម្មវិធីដោយលោកបូជាពូទី រ៉ាចិត្រជាបូជាចារ្យទទួលខុសត្រូវយុវជនភូមិភាគបាត់ដំបង និងណែនាំកម្មវិធីដោយលោកបូជាចារ្យជីងហុក អ្នកសម្របសម្រួលនៅសាលាសន្តសាវីយ៉េ។
កម្មវិធីនេះមានការចូលរួមពីយុវជន យុវនារីមកពីព្រះសហគមន៍នានាក្នុងតំបន់បាត់ដំបងនិងទន្លេ ដូចជា ព្រះសហគមន៍បាត់ដំបង តាហែន និគម ខ្នាចរមាស ទំពូង ច្រាបវាល ប៉ៃលិន ស្នឹង កំពង់ឆ្នាំង និងពោធិ៍សាត់។
ក្នុងនោះផងដែរ លោកបូជាចារ្យជីងហុក បានធ្វើបទបង្ហាញទាក់ទងនឹងការ”ស្គាល់ខ្លួនឯងកាន់តែច្បាស់” ដើម្បីឱ្យសិក្ខាកាមទាំងអស់យល់ដឹងពីខ្លួនឯងកាន់តែស៊ីជម្រៅជាមុនសិន មុននឹងក្លាយជាអ្នកដឹកនាំដ៏ល្អ ដែលប្រកបទៅដោយភាពក្លាហាន ភាពស្មោះត្រង់ មេត្តាករុណា និងពោរពេញដោយក្តីស្រលាញ់ក្នុងព្រះនាមព្រះគ្រីស្ត ដើម្បីជួយដល់យុវជនក្នុងព្រះសហគមន៍ ក៏ដូចជាក្នុងសង្គម។
ព្រះសហគមន៍នឹងរៀបចំសិក្ខាសាលាសម្រាប់យុវជន ចំនួន៣វគ្គបន្ថែមទៀត ដែលនឹងត្រូវធ្វើឡើងក្នុងរវាងមួយខែម្តងបន្តបន្ទាប់គ្នា៕