ព្រះបន្ទូលប្រចាំថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២០

អត្ថបទគម្ពីរដំណឹងល្អ ម៉ាថាយ ២៣ៈ២៧-៣២

ពួក​​ធម្មាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ឆ្អឹង​សាកសព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫកពារ​ខាង​ក្រៅ​អោយ​មនុស្សម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។

ពួក​​ធម្មាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​អោយ​ពួក​ព្យាការី ព្រម​ទាំង​តុបតែង​ផ្នូរ​របស់​មនុស្ស​សុចរិត ដោយ​ពោល​ថាៈ “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរស នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។  អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យា​កា​រី​​។ ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​អោយ​បាន​សំរេច​ទៅ!

Facebook
Twitter
LinkedIn