«នាងខ្ញុំបានសរសេរឯកសារនេះ ដោយដៃខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំសូមចុះហត្ថលេខានៅលើអសនៈនេះ។ នៅពេលនេះ ជីវិតរបស់ខ្ញុំ ចូលរួមជាមួយជារៀងរហូតជាមួយនឹងសក្ការបូជារបស់ព្រះគ្រីស្ត។ តាមរយៈព្រះបន្ទូលព្រះអង្គ សូមព្រះអង្គទទួលនាងខ្ញុំ ឲ្យខ្ញុំអាចរកឃើញជីវិតតែនៅក្នុងព្រះអង្គ»។
នេះជាសម្តីរបស់ដូនជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែលបានថ្វាយពាក្យសច្ចានិរន្តរ៍ក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃសាលេស៊ានដុនបូស្កូ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។
កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រ៊ុយណូ កូសម៍ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម នៅសាលាវិទ្យាល័យដុនបូស្កូទឹកថ្លា នារាជធានីភ្នំពេញ។
ដោយសារតែកូវីដ១៩ ក្រុមដូនជីបានអញ្ជើញភ្ញៀវតិចតួចបំផុតចូលរួមក្នុងកម្មវិធីនេះ ដែលមានដូចជា លោកបូជាចារ្យ៩អង្គ បងស្រីប្រធានក្រុមគ្រួសារ និងសមាជិកនៃក្រុមគ្រួសារដូនជី រួមនឹងបងប្អូនសាច់ញាតិរបស់បងស្រីសារិន។
ក្នុងពិធីថ្វាយអភិបូជា ដើម្បីអរព្រះគុណព្រះជាម្ចាស់ លោកអភិបាលប្រ៊ុយណូ កូសម៍ មានប្រសាសន៍ថា អ្វីដែលបងស្រីបានធ្វើក្នុងថ្ងៃនេះ គឺថ្វាយខ្លួនទាំងស្រុង។ ដូចនៅក្នុងអត្ថបទគម្ពីរ ព្រះយេស៊ូបានប្រាប់ដល់មនុស្សជាច្រើនថា ត្រូវថ្វាយខ្លួនដោយចេញពីចិត្ត គឺថ្វាយខ្លួនទាំងស្រុង ដែលជាជម្រើសអចិន្ត្រៃ មិនមែនតែម្តង តែជារៀងរហូត។ លោកអភិបាល៖ «ជំនឿរបស់យើងគឺយើងថ្វាយខ្លួន ដើម្បីជួយអ្នកដទៃដែរ»។
លោកអភិបាលបញ្ជាក់ថា អ្វីដែលយើងធ្វើគឺមិនមែនសម្រាប់ខ្លួនឯង គឺ សម្រាប់អ្នកដទៃ ហើយអ្វីៗដែលយើងអាចធ្វើទៅបាន ដោយសារព្រះអង្គប្រទានកម្លាំងទាំងស្រុង ហើយកម្លាំងរបស់បងស្រី ក៏បានមកពីក្រុមគ្រួសារអ្នកបួសដែរ ដែលបានជួយគ្នាឲ្យទៅមុខ។ ដូច្នេះ បងស្រីមិននៅម្នាក់ឯងទេ។
ជាមួយគ្នានេះដែរ ដូនជីសារិន មានប្រសាសន៍ថា ក្នុងជីវិតជាអ្នកបួសរយៈពេល៧ឆ្នាំមកនេះ ជួបឧបសគ្គជាច្រើន ប៉ុន្តែអ្វីដែលអាចជំនះនូវរបាំងនេះ គឺការអធិដ្ឋាននិងទទួលស្គាល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដ៏លើសលប់ចំពោះរូបគាត់ផ្ទាល់។
ដូនជីសារិន «ទោះបីជាឧបសគ្គហ្នឹងវាពិបាក មើលទៅដូចថា វាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែវាអត់ធំជាងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលខ្ញុំទទួលបានទេ»។
ក្នុងបេសកកម្មជាដូនជីកាតូលិកនៅក្នុងក្រុមគ្រួសារសាលេស៊ានដុនបូស្កូ ដូនជីរូបនេះ បានខិតខំប្រើប្រាស់អំណោយទានដែលព្រះជាម្ចាស់ប្រទានមក ចែកចាយដល់យុវជន និងកុមារនៅក្នុងសាលាតាមរយៈកិច្ចការបង្រៀន។
ក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់ ជាក្រុមគ្រួសារមួយដែលផ្តោតការយកចិត្តទុកដាក់លើផ្នែកអប់រំកុមារនិងយុវជន តាមស្មារតីផ្លូវវិញ្ញាណរបស់លោកបូជាចារ្យយ៉ូហានបូស្កូ និងអ្នកម្តាយម៉ាហ្សារ៉េឡូ ដែលជាអ្នកបង្កើតក្រុមគ្រួសារដូនជីនេះ។
ដូនជីសារិន បានអំពាវនាវ ដល់យុវតីដែលមានបំណងចង់ចូលរួមបម្រើព្រះជាម្ចាស់ជាអ្នកបួស ឲ្យមានចិត្តក្លាហាន ឆ្លើយតបនឹងការត្រាស់ហៅនេះ។
ដូនជីសារិន «ជីវិតនៅក្នុងការដើរតាមព្រះជាម្ចាស់មិនមែនស្រួល ក៏ប៉ុន្តែវាអស្ចារ្យ ព្រោះយើងបានជិតស្និទ្ធជាមួយព្រះជាម្ចាស់តាមរយៈអ្វីដែលយើងអាចធ្វើបាន… ហើយពេលនោះព្រះអង្គនឹងប្រទានពរឲ្យយើងក្លាយជាសន្តសន្តីនៅក្នុងអាថ៌កំបាំង ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់»។
អ្នកស្រីអ៊ុំ មុំ អាយុ៧៤ឆ្នាំ ជាម្តាយរបស់ដូនជីសារិន មានប្រសាសន៍ថា កាលពីដំបូងគាត់មិនពេញចិត្តនឹងការសម្រេចចិត្តរបស់កូនស្រីទេ ប៉ុន្តែការលើកទឹកចិត្តពីស្វាមីបានធ្វើឲ្យអ្នកស្រីផ្លាស់ប្តូរគំនិត។
អ្នកស្រីបញ្ជាក់អំពីអារម្មណ៍នៅពេលបច្ចុប្បន្នថា «មានការត្រេកអរច្រើនណាស់ រាល់ថ្ងៃសប្បាយចិត្តហ្មង។ អត់មានតក់ស្លុត អត់មានថា កូនហៅមកអីចឹងមិនចង់មកមិនចង់អី អត់ទេ»។
ដូនជីម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន កើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៨១ នៅ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានគ្រួសារជាពុទ្ធបរិស័ទ។ បងស្រីជាកូនទី៤ ក្នុងចំណោមកូនប្រុសស្រី៧នាក់។
ក្នុងឆ្នាំ២០០២បងស្រីសារិនបានបញ្ចប់ការសិក្សានៅសាលាដុនបូស្កូផ្នែកនារី លើជំនាញវិជ្ជាមេផ្ទះនិងសណ្ឋាគារ ហើយបានធ្វើការងារមួយរយៈជាមួយក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់។ ក្រោយមកបងស្រីចាប់ផ្តើមឈ្វេងយល់បន្ថែមអំពីជីវិតនៃការត្រាស់ហៅ ហើយបានសម្រេចចិត្តសាកល្បងក្នុងឆ្នាំ២០០៧ និងបានបន្តការសិក្សាជាដូនជីនៅប្រទេសហ្វីលីពីន។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ បងស្រីអេង សារិនបានថ្វាយពាក្យសច្ចាលើកដំបូងក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃសាលេស៊ានដុនបូស្កូ។
ក្រុមគ្រួសារដូនជីនេះ បច្ចុប្បន្នមានសមាជិកខ្មែរចំនួន៤នាក់៕