ព្រះសហគមន៍កាតូលិក នៅកម្ពុជា គោរពការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការការពារកូវីដ១៩

ព្រះសហគមន៍កាតូលិកនៅកម្ពុជា គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលលើវិធានការណ៍នានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ថ្លែងនៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃគ្រឹស្តសាសនានៅកម្ពុជា» នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង សាវង្ស ប្រធានការិយាល័យអប់រំជំនឿនិងជាតំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា បានថ្លែងថា ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលមានលោកអភិបាលទាំងបីភូមិភាគ បានគោរពតាមការណែនាំនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។

លោក ដួង សាវង្ស បានបន្តថា ៖ «ដោយគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានបិទការជួបជុំនានា នៅតាមព្រះសហគមន៍នៅទូទាំងប្រទេស ការិយាល័យកុមារ និងសិក្ខាសិលា ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីឌ១៩នេះ»។

តំណាងព្រះសហគមន៍កាតូលិកកម្ពុជា លោក ដួង សាវង្ស បានបន្តបញ្ជាក់ទៀតថា ដោយមាន​ការណែនាំពីលោកអភិបាល ព្រះសហគមន៍កាតូលិក បានចូលរួមផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ទាំងព័ត៌មាន ដំណឹង និងការបង្រៀនមុខវិជ្ជាផ្សេងៗ ដល់កុមារ យុវសិស្សនិស្សិត គ្រឹស្តបរិស័ទ និងប្រជាពលរដ្ឋ។

លោក ដួង សាវង្ស បន្តថា ព្រះសហគមន៍កាតូលិកកម្ពុជា មានសាលាផ្ទាល់ខ្លួន ចាប់ពីថ្នាក់បឋម ដល់មហាវិទ្យាល័យ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរបស់ព្រះសហគមន៍ បានចូលរួមផ្សព្វផ្សាយអំពីជំនឿ និងការបង្រៀនជូនដល់សិស្ស និស្សិតទាំងនោះ។

ព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ អ្នកវិជ្ជមានជំងឺកូវីឌ១៩ មានចំនួនសរុប ១២២នាក់ ក្នុងនោះ អ្នកបានជាសះស្បើយចំនួន ១១៩នាក់ និង៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្តទូទាំងប្រទេស៕

Facebook
Twitter
LinkedIn