សកម្មភាពមេត្តាករុណា នៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង

លោកបូជាចារ្យ រឿង ឆ័ត្រសិរី, បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃព្រះភូមិភាគភ្នំពេញ រួបជាមួយ លោកបូជាចារ្យជាសហការី និងគណៈកម្មការសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែប នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគជូនអាជ្ញាធរខណ្ឌឫស្សី មានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាប្រធាន, តំណាងការិយាល័យធម្មការខណ្ឌឫស្សីកែវ ដើម្បី ជួយគាំទ្រកិច្ចការរបស់រដ្ឋ ដែលសព្វថ្ងៃកំពុងផ្គត់ផ្គង់ម្ហូបអាហារ ដល់បងប្អូនដែលមកពីខេត្តនានាក្រោយបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលពួកកាត់កំពុង នៅក្នុង ចត្តាឡីសក្តិ នៅសាលារៀនឫស្សីកែវ។

ថ្មីៗនេះលោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជំរុញឲ្យព្រះសហគមន៍កាតូលិកទាំងអស់តាមមណ្ឌលសកម្មភាពនីមួយៗនៃភូមិភាគភ្នំពេញ បំពេញសកម្មភាពមេត្តាករុណា ឲ្យកាន់តែសកម្មថែមទៀតសម្រាប់បងប្អូនខ្វះខាត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លង មេរោគកូវីដ១៩។

តាមលោកបូជាចារ្យឆ័ត្រសិរី បានឲ្យដឹងថា ព្រះសហគមន៍ បានប្រមូលវិភាគទានមកពីសប្បុរសជន គ្រីស្តបរិស័ទនៃព្រះសហគមន៍ សន្តយ៉ូសែប ផ្សារតូច និង បងប្អូនគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ លោកថា សម្ភារទាំងនោះរួមមាន អង្ករ ៥០០ គីឡូក្រាម ទឹកសុទ្ធ១០កេស និងថវិការចំនួន ១,០០០,០០០ រៀល។

Facebook
Twitter
LinkedIn