លោកអូលីវីយេ៖ រដូវ៤០ថ្ងៃជាពេលស្តាប់ដំណឹងល្អសារជាថ្មី, កែប្រែចិត្តគំនិតបន្ទាន់ និងផ្ញើជីវិតលើព្រះទ័យមេត្តារបស់ព្រះជាម្ចាស់

គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប ជួបជាគ្នាប្រារព្ធពិធីបុណ្យរោយផេះដែលជាសញ្ញា ចូលក្នុង រដូវអប់ រំពិសេស(រដូវ៤០ថ្ងៃ ឬរដូវត្រណម)ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិក ដែលមាន លោកអូ​លីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតី នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្ត​បរិស័ទឲ្យ​យកចិត្ត​ទុកដាក់​ដូចក្នុង​អត្ថបទព្រះគម្ពីរ​ដែលព្រះយេស៊ូបានណែនាំ គឺ ធ្វើទាន តមអាហារ និងអធិដ្ឋាន​នៅក្នុង​កន្លែង​ស្ងាត់​កំបាំង។ លោកអភិបាលបញ្ជាក់​ទៀតថា សម័យឆ្នាំ២០២០នេះ យើងចូលចិត្តបង្ហាញ​នៅក្នុង​បណ្ដាញ​សង្គម​​នូវសកម្មភាពនានាដែលជាស្នាដៃរបស់យើង  ប៉ុន្តែថ្ងៃនេះ​ព្រះយេស៊ូបង្រៀនយើ​ងផ្ទុយ​ពីអ្វី​ដែល​យើង​​ធ្វើសព្វថ្ងៃ ទាំងរបៀបតមអាហារ លើកទឹកចិត្តអ្នកឯទៀតៗ ។

លោកអូលីវីយេ បានជំរុញឲ្យ គ្រីស្តបរិស័ទក្នុងរដូវអប់រំពិសេសឆ្នាំ២០២០នេះ ត្រូវយកចិត្តទុកដាក់ នៅក្នុង​រយៈពេល៤០ថ្ងៃខាងមុខ ត្រូវចូលយ៉ាងជ្រៅក្នុងជិវិតយើងជាគ្រីស្តបរិស័ទជាសាវ័កព្រះគ្រីស្ត ដោយ​ទូលអអ្វរ​ដើម្បីរួ​មគ្នា​សម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងធ្វើជាមនុស្សថ្មី។ លោកបន្តថា «យើង​ត្រូវ​អរព្រះគុណព្រះជាម្ចាស់ អរគុណដល់ព្រះសហគមន៍​ដែលបានប្រគល់៤០ថ្ងៃឲ្យយើង​ស្ដាប់​ដំណឹង​ល្អ​សារ​ជាថ្មី អំពីសេចក្ដីពិត ដែលព្រះយេស៊ូរងទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ពិតមែន ដែលជាអាថ៌កំបាំងនៃជំនឿរបស់ពិតមែន»។

លោកអភិបាលបញ្ជាក់ថា៖« ដំណឹងល្អ​ដ៏​អស្ចារ្យ​គឺ​ព្រះយេស៊ូ​យាងមក​ដើម្បី​សង្រ្គោះ​យើង ព្រះអង្គ​​បាន​​រងទុក្ខ​លំបាក​ដើម្បី​ប្រមូល​ទុក្ខ​លំបាក​របស់​យើង ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ដោយសារ​​អំពើ​បាប​របស់​យើង និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដើម្បី​ឲ្យ​យើង​ទាំងអស់​ទទួល​ជីវិត​ថ្មី​អស់​កល្ប​ជានិច្ច»។

លោកអភិបាលអូលីវីយេ​ក៏បានរំលឹកដែរថា សម្តេច​ប៉ាប​បាន​អញ្ជើញ​យើង​ឲ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ចូល​នៅក្នុង​អាថ៌កំបាំង​នៃ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៃ​ពិធី​បុណ្យ​ចម្លង​ដើម្បី​រួមគ្នា​យើង​មើល​ឃើញ​ព្រះយេស៊ូ​នៅ​លើ​ឈើឆ្កាង ដើម្បី​ណែនាំ​ឲ្យ​ព្រះយេស៊ូ​សង្រ្គោះ​យើង។ មើល​ឃើញ​ព្រះយេស៊ូ​នៅ​លើ​ឈើឆ្កាង ដើម្បី​មើល​ឃើញ​របៀប​ដែល​ព្រះយេស៊ូ​រំដោះ​យើង ទទួល​អគ្គសញ្ញា​លើកលែង​ទោស​ដោយ​យល់ថា​ពិតមែន តាមរយៈ​អគ្គសញ្ញា​លើកលែង​ទោស​គឺ​ព្រះបិតា​ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ដែល​មាន​ព្រះហឫទ័យ​ប្រណី​សន្តោស​ណែនាំ​ឲ្យ​យើង​ចូល​នៅក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គ ដើម្បី​រស់នៅ​ជា​មនុស្ស​ថ្មី។

ជាមួយគ្នានេះក៏ជំរុញបន្ទាន់ ឲ្យគ្រីស្តបរិស័ទកែប្រែចិត្តគំនិតបន្ទាន់​ នៅក្នុង​ជីវិត​របស់​យើង ដោយ​ចាប់​ផ្តើម​ពី​ពេល​នេះ​តទៅ​ចូល​នៅក្នុង​ការ​សន្ទនា​ជាមួយ​ព្រះជាម្ចាស់ ជាពិសេស​តាមរយៈ​ការ​អធិដ្ឋាន។ លោក​សង្កាត់​ធ្ងន់ថា «៤០ថ្ងៃជាពេលវេលាអធិដ្ឋាន ដើម្បីសម្លឹងមើលព្រះជាម្ចាស់ ព្រះអង្គ​ទតមកយើងវិញ និង​ស្ដាប់​គ្នាទៅវិញទៅមកដោយដឹងថា ថ្ងៃនេះព្រះបិតាមាន​ព្រះបន្ទូល​សង្គ្រោះ​ជីវិតខ្ញុំ»។

មុនបញ្ចប់ធម្មទេសនា លោកអូលីវិយេរំលឹកគ្រីស្តបរិស័ទថា សូមឲ្យយើងយល់​សព្វថ្ងៃពិភព​លោក​របស់​យើង​ទទួលព័ត៌មានច្រើន ចួនកាលពិត ចួនកាលមិនពិត ដូច្នេះយើងគួរ​ពិនិត្យមើល​ព័ត៌មាន​ទាំង​នោះ​ដោយរកឲ្យឃើញវត្តមាន និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រោះថាសេចក្ដីសុខ អំណរ​សប្បាយ​ដែល​យើងទទួល​បានលុះត្រាតែទុកឲ្យ​ព្រះជាម្ចាស់ធ្វើការជា​មួយ​យើង​​សព្វថ្ងៃ។​​ដោយសារ​យើង​ដឹងថា​ព្រះយេស៊ូ​សោយ​ទិវង្គត និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ណែនាំ​ឲ្យ​ខ្ញុំ​ចូល​នៅក្នុង​ជីវិត​របស់​ព្រះអង្គ​អស់​កល្ប​ជានិច្ច។

Facebook
Twitter
LinkedIn