ការីតាសកម្ពុជាលើកកម្ពស់ការអប់រំ សម្រាប់ជនជាតិដើមភាគតិច

អគារថ្មី​មួយ​ខ្នង សម្ភារ បរិក្ខា ប្រព័ន្ធ​ទឹក​ស្អាត បង្គន់​អនាម័យ និង​សមិទ្ធិ​ផល​ផ្សេងៗ​ទៀត នៅ​សាលាបឋម​សិក្សា​ស្រែអ៊ី ដែល​ជា​ការ​អំណោយ នៃ​គំរោង​រួម​គ្នារវាង​ក្រសួង​បរិស្ថាន និង​អង្គការ​ការីតាស កម្ពុជា(Caritas) ត្រូវ​បាន​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២០ កន្លង​ទៅ ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោកសាយ​ សំអាល់ និង​ថ្នាក់​ដឹង​នាំ​អង្គការ​ការីតាស​កម្ពុជា មាន​លោក​អភិបាល អេនរីគេ ហ្វីការេដូ​ លោក​អភិបាល​អូលីវីយេ ជ្មីត​អីស្ល៊ែរ និង​លោក​គឹម រតនា​ ជា​នាយក​ប្រតិបត្តិ។ 

សហគមន៍​ស្រែអ៊ី មាន​ចំងាយ​ប្រមាណ​ជា ២០ គីឡូម៉ែត្រ ក្រុង​សែន​មនោរម្យ ខេត្តមណ្ឌលគិរី ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូណង (ព្នង)។ 

លោក គឹម រតនា​ បាន​ឲ្យ​ដឹង​ថា   ការ​ផ្ដើម​កសាង​អគារ​ថ្មី​នៅ​សាលាបឋមសិក្សា​ស្រែអ៊ី គឺ​ដើម្បី​ផ្តល់​សេវា​អប់រំ​តាម​កម្ម​វិធី​របស់​រដ្ឋ និង​ជា​ភាសាខ្មែរ ដល់​កូន​ៗ​របស់​ប្រជា​សហគមន៍​ស្រែ​អ៊ី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កែវ​សីម៉ា ក្នុង​គោល​ដៅ​លើក​កម្ពស់​សមត្ថភាព​ប្រជា​សហគមន៍​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ទទួល​បាន​នូវ​ឱកាស​ធ្វើ​សមាហរណកម្ម និង​អាច​ចូល​រួម​យ៉ាង​សកម្ម​ទៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​រីក​ចម្រើន ​ព្រម​ទាំង​អាច​ទទួល​បាន​ផ្លែផ្កា​ពី​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​របស់​ជាតិ​យើង ជា​ពិសេស​ឈប់​ពឹង​ផ្អែក​ទៅ​លើ​ផល​និង​អនុផល​ព្រៃ​ឈើ​នាពេល​អនាគត។ 

លោក​បន្តថា​ សាលា​បឋម​សិក្សា​ស្រែ​អ៊ី ចាប់​ផ្តើម​សាង​សង់​តាំង​ពី ខែ​កក្កដា ឆ្នាំ​២០១៦ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ ឆ្នាំ២០១៨ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៩​ម៉ឺន​ដុល្លារ ក្រោម​កិច្ចសហការ​ឧបត្ថម្ភ​ពី​ក្រសួងបរិស្ថាន និង​គម្រោង​ផ្នែក​ប្រែប្រួល​អាកាសធាតុ នៃ​កម្មវិធី​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ BMZ តាម​រយៈអង្គការ​ការីតាស​កម្ពុជា។ ការ​សាងសង់​សាលា​បឋម​សិក្សា​ស្រែអ៊ី នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ផ្ទាល់ រដ្ឋ​មន្ត្រី ក្រសួង​បរិស្ថាន។

គម្រោង​នេះ​មិន​ត្រឹម​តែ​សាងសង់​សាលារៀន​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្កើត​ឱ្យ​មាន​នូវ អគារ​ធនធាន​វប្បធម៌ ដើម្បីថែ​រក្សា​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​សហគមន៍ ចែករំលែក​បទពិសោធន៍ សម្រាប់​កូន​ចៅ​ជំនាន់ ក្រោយ។

តាម​លោកគឹម រតនា សាលា​នេះ​ក៏​បាន​បំពាក់​នូវ​សម្ភារ​នានា​ដើម្បី​លើក​កម្ពស់​ដល់​ការ​សិក្សា​ពី​បំណិន​ជីវិត លើក​កម្ពស់​ទឹក​ស្អាត និង​អនាម័យ បរិស្ថាន​សាលា​បៃតង និង​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ទស្សទាន នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការអភិរក្ស ធនធាន​ធម្មជាតិ​ផង​ដែរ។ 

ក្នុង​របាយការ​បញ្ជាក់​ថា ការ​សាង​សង់​នោះ​មាន៖ អគារ​សាលា​រៀន​ចំនួន ១​ខ្នង​មាន​៥​បន្ទប់ ទំហំ​បណ្តោយ​៤០​ម៉ែត្រ និង​ទទឹង​៩​​ម៉ែត្រ (ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង)។ តុ​សិស្ស និង​តុ​សម្រាប់​គ្រូ ចំនួន ១៣៥ ធ្វើ​ពី​ឈើ។ បង្គន់​អនាម័យ ១​ខ្នងចំនួន​៤​បន្ទប់ បែង​ចែក​ជា​បន្ទប់​ទឹក​ប្រុស ស្រី ដោយ​មាន​ភ្ជាប់​នូវ​រ៉េម​សម្រាប់​ជន​មាន​ពិការ​ភាព។ អណ្តូង​ទឹក​បូមដោយ​ប្រព័ន្ធ​សូឡា​ចំនួន​១ និង​អាងស្តុក​ទឹក​ចំនួន១​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សាលា និង​សហគមន៍​នៅ​ជុំវិញ​សាលា។ អគារ​ធនធាន​មនុស្ស​និង​បណ្ណាល័យ ចំនួន​១​ខ្នង ទំហំ៩មx៩.២ម សម្រាប់​ដាក់​សម្ភារ​វប្បធម៌​ជនជាតិ​ដើមភាគតិច ឯកសារ និង​ជា​បន្ទប់​ប្រជុំ​ផ្សព្វផ្សាយ ទី​ចាត់​ការ​មាន ទំហំ៤.៥ម x៩.២ម ។ រៀប​ចំ​ទី​ធ្លា​សាលារៀន សួនច្បារ និង​សួន​ដំណាំ​ក្នុង​ទី​ធ្លា​សាលារៀន ក្លោង​ទ្វារ​សាលា និង​ដង​ទង់​ជាតិ​ជា​ដើម។ ឧបករណ៍​ចំរោះ​ទឹកស្អាត​សំរាប់ផឹក និង​កន្លែង​លាង​ដៃ​សិស្ស។ 

ក្នុង​នោះ​អង្គការីតាស ក៏​មាន​គម្រោងអភិឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រែអ៊ី គឺជា​គម្រោង​អភិវឌ្ឍ​បន្ថែម​ដើម្បី​ផ្សារភ្ជាប់​នឹង​អគារធនធាន​វប្បធម៌​ដែល​បាន​សាង​សង់​រួច​មក និង​ដោយ​ផ្អែក លើ​សក្តានុពល​នៃ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​សហគមន៍ ក៏​ដូច​ជា​ធនធាន​មនុស្ស​គឺសហគមន៍​អេកូទេសចរណ៍​ស្រែអ៊ី​ដែល​មានស្រាប់។

ក្នុង​ពិធី​ដ៏​វិសេស​វិសាល​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបិរស្ថាន សាយ​ សំអាល់ បាន​កោតសសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​អង្គការ​ការីតាស​កម្ពុជា ជា​មួយ​ក្រសួងបរិស្ថាន ក៏​ដូចជា​បាន​ចូលរួម​កសាង​ធនធានមនុស្ស អភិវឌ្ឍ​សហគមន៍ និង​ផ្តល់​សេវា​ផ្សេងៗ​ទៀត ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្ររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា។

អង្គការ ការីតាស​កម្ពុជា​បាន​បង្កើតឡើង​ក្នុង​ទសវត្ស ៧០ ក្នុង​ពេលប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម ដែល​មាន​ពលរដ្ឋជា​ច្រើន​ភៀស សឹក​ចូល​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន ឲ្យ​គេ​មាន​ម្ហូបអាហារ។ នេះ​បើ​តាម លោកអភិបាលអូលីវីយេ។​ 

លោក​បន្ត​ថា ក្នុង១៩៧៥ សកម្មភាព​មនុស្សធម៌​ទាំង​ឡាយ​ត្រូវ​ឈប់​ទាំង​ស្រុង។ លោកថា ក្នុងឆ្នាំ​១៩៩០ អង្គការនេះ​ត្រូវ​បាន​បង្កើតឡើង​សារជាថ្មី ក្រោម​អនុស្សារណៈ យោគយល់​ជា​មួយ​រាជរដ្ឋាភិបាល ដោយ​មាន​សកម្មភាព ស្តារនិងអភិវឌ្ឍ ព្រម​ទាំង​សុខមាលភាព ជា​ពិសេស​អ្នកក្រីក្រ កុមារ​កំព្រារ​និង​ជនងាយរងគ្រោះ។ អង្គការ ការីតាស​កម្ពុជា ជា​ដៃ​ស្តាំ​របស់​ព្រះសហគមន៍កាតូលិក កំពុង​អនុវត្តសកម្មភាព និង​អភិវឌ្ឍ​ចំរុះ​នៅ​ក្នុង​គោលដៅ​សរុប ១៥ រាជធានី ខេត្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា 

ក្នុង​រយៈពេល​៣០​ឆ្នាំ​នៃ​ការ​បំពេញ​បេសកកម្ម​មាន​ផល​ផ្លែជា​ច្រើន សម្រាប់សង្គមកម្ពុជា ជាមួយគ្នានេះ​ក៏មាននូវឧបស័គ្គ មួយចំនួផងដែរ។ លោកអភិបាលគីគេ​ប្រធានប្រឹក្សាភិបាលអង្កការនះបានប្រាប់ថា​ ដោយសារ​សង្គ្រាម​​បងប្អូនរង់ចាំឲ្យអង្គការជួយ តែគេមិនបានជួយខ្លួនគេ។ ឧបស័គ្គនេះដើម្បីឲ្យយើងរៀន និងរកមធ្យោបាយថ្មី។ លោកបន្តថា មួយទៀត គឺកត្តាសេដ្ឋកិច្ច យើងពឹងផ្អែកច្រើនលើធនធានពីខាងក្រៅ។ ហេតុនេះការីតាសបានខិតខំរកវិធីដើម្បីឲ្យបងប្អូនមានលំនឹងខាងសេដ្ឋកិច្ច ទុកចិត្តខ្លួនឯង ដើម្បីរីកចំរើន និងបន្តដំណើរការទៅខាងមុខ។  

សម្រាប់ខេត្តមណ្ឌលគិរី អង្គការ​នេះ​មាន​វត្ត​មាន​ក្នុង​ឆ្នាំ​២០០៧ តបតាមការអញ្ជើញ​របស់លោក អន់តូនី សាមី ស៊ូសៃរាជ្យ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ ការីតាសខេត្តមណ្ឌលគិរីបានធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធ​រមូលដ្ឋាន ​បាននិងកំពុង​អនុវត្តនូវ​គម្រោង​អភិវឌ្ឍ​សហគមន៍​ចំរុះ គម្រោងសុខ ភាពសហគមន៍និងទឹកស្អាត ដែលមានគោលដៅក្នុងស្រុកពេជ្រាដា ក្នុងឃុំចំនួន៣ គឺឃុំប៊ូស្រា ក្រាំងសេះ ពូជឺ និង ស្រែអំពូម។ ក្នុងឆ្នាំ ២០១២ បន្ថែមនូវគម្រោងមួយទៀតគឺ សុខភាពទឹកស្អាតនិងអប់រំវិជ្ជាជីវៈក្នុងពន្ធនាគារ៕

Facebook
Twitter
LinkedIn