លោកអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងពិធី អភិបូជា បញ្ចុះបឋមសិលា កសាងសសរតម្កល់ជួងថ្មី នៅព្រះវិហារព្រះត្រៃឯក នៃព្រះសហគមន៍កាតូលិកភូមិព្រៃជើង ឃុំគោកព្រិចស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
តាមប្រពៃណីរបស់គ្រីស្តសាសនា គេប្រើជួង ដើម្បីហៅ ឬផ្តល់សញ្ញាដល់គ្រីស្តបរិស័ទទាំងអស់អំពីពេលវេលា ប្រារព្ធពិធីផ្សេងៗ ការអធិដ្ឋាន អភិបូជាជាដើម។ ពេលខ្លះការបន្លឺសំឡេងជួងក៏ជាមានជំនឿថាដេញវិញ្ញាណអាក្រក់ផងដែរ។ ពេលខ្លះប្រើវាយជួងក្នុងពេលប្រារព្ធពិធីបុណ្យដែរ ដើម្បីជាសញ្ញាអបអរសាទរ និងលើកតម្កើងព្រះជាម្ចាស់។ គ្រីស្តសាសនា បានប្រើជួងនៅក្នុងអំឡុងឆ្នាំ៤០០ នៃគ្រីស្តសករាជ ។ នៅឆ្នាំ ប្រមាណ ៦០២ មានការទទួលស្គាល់ និងអនុញ្ញាតពីសម្តេចប៉ាប ក្នុងការប្រើប្រាស់ជួង។ សតវត្សក្រោយៗមកក៏ពេញនិយមនៅអ៊ឺរ៉ុបខាងជើង ហើយបន្តមករហូតបច្ចុប្បន្ន។
នៅសម័យមុនសង្គ្រាមស៊ីវិល ព្រះវិហារកាតូលិកនៅកម្ពុជាទាំងអស់មានបំពាក់ជួង ដើម្បីងាយស្រួលក្នុងការប្រមូលគ្រីស្តបរិស័ទមកចូលរួមពិធីបុណ្យនៅព្រះវិហារ។ព្រះវិហារទាំងនោះត្រូវបានបំផ្លាញចោលអស់ ជួងមួយចំនួនត្រូវគេឃើញដាក់តាំងនៅក្នុងសារមន្ទីរជាតិ។ព្រះសហគមន៍រស់ឡើងវិញ ក្រោយសង្គ្រាម។ សព្វថ្ងៃនេះ មានមូលហេតុផ្សេងៗ ព្រះវិហារកាតូលិកនៅកម្ពុជាខ្លះ មិនទាន់មានបំពាក់ជួង។
ព្រះសហគមន៍គិរីវង់ ចាប់ផ្តើមនៅឆ្នាំ២០០៣ ខណៈដែលលោកបូជាចារ្យអូលីវីយេ បានទៅដល់ភូមិព្រៃជើង ដែលអ្នកជាច្រើនគិតថាលោកជា គ្រូពេទ្យបារាំង។ នេះបើតាមការលើកឡើងរបស់លោកអភិបាលអូលីវីយេទៅកាន់បងប្អូនក្នុងធម្មទេសនា។
លោកបញ្ជាក់ថា តាមពិតមានលោកចយ និងបងប្អូនខ្លះបានទៅឈ្វេងយល់អំពីព្រះសហគមន៍កាតូលិក និងទទួលអប់រំជំនឿ មុនឆ្នាំ២០០៣នៅព្រះសហគមន៍កាតូលិកភូមិចំការទៀង។ ពេលលោកបូជាចារ្យអូលីវិយេបានមកដល់ និងបន្តកិច្ចអប់រំជំនឿ បន្តិចម្តងៗមានបងប្អូនទទួលអគ្គសញ្ញាជ្រមុជទឹក និងបានចាត់ចែងកសាងព្រះវិហារ នៅជាប់ជើងភ្នំ នៅលើដីដែលគេគិតថាជាដីអារ មិនអាចធ្វើកសិកម្ម។ ប៉ុន្តែទឹកដីនោះ បានក្លាយជាព្រះវិហាររឹងមាំ និងបានដំណើរការកម្មវិធីនានាដើម្បីការអប់រំ និងការប្រកាសដំណឹងល្អដល់បច្ចុប្បន្ននេះ។
តាមប្រសាសន៍របស់លោក ហ្វេណាន់ដូ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍មួយនេះ បានឲ្យដឹងថា ព្រះសហគមន៍គិរីវង់ សព្វថ្ងៃមានគ្រីស្តបរិស័ទប្រមាណ១០០នាក់ មានអ្នកឈ្វេងយល់ជំនឿថ្មី ចំនួន១២នាក់ និងអ្នកដែលកំពុងត្រៀមខ្លួនទទួលជំហានទី១ (ពិធីចូលព្រះសហគមន៍) ចំនួន២០នាក់។ លោកបូជាចារ្យបន្តថា ព្រះសហគមន៍មានសកម្មភាពជាប្រចាំ គឺកិច្ចការបម្រើអ្នកក្រីក្រ មានក្រុមសង្គហៈ កម្មវិធីសុខភាពដែលមានគ្រូពេទ្យពីភ្នំពេញទៅពិនិត្យជំងឺ១ខែម្តង ការជូនអ្នកជំងឺទៅមន្ទីរពេទ្យជាដើម ក្រៅពីនេះក៏មាន សកម្មភាពអប់រំ មានសាលាមត្តេយ្យ មានក្រុមកាយឫទ្ធិជាដើម។ លោកបូជាចារ្យបញ្ជាក់ថា «កិច្ចការអប់រំជំនឿជាយុទ្ធសាស្ត្រដែលព្រះសហគមន៍បានយកចិត្តទុកដាក់ ជាចំណុចអាទិភាពតែម្តង។»
ក្នុងធម្មទេសនានាថ្ងៃអាទិត្យម្សិលមិញ លោកអភិបាល បានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទ ឲ្យចេះសម្រេចចិត្ត រកឃើញផ្លូវនៃសុភមង្គល និងសេចក្តីសុខសាន្ត។ ព្រះជាម្ចាស់បានផ្តល់សេរីភាពឲ្យមនុស្សមានសេចក្តីសម្រេចចិត្ត ក្នុងការជ្រើសរើស។ តែព្រះមិនសព្វព្រះហឫទ័យមនុស្សណាម្នាក់វិនាសឡើយ។ លោកបញ្ជាក់៖ «ជីវិតរបស់យើងត្រូវតែជ្រើសរើសផ្លូវមួយ។ ត្រូវរិះគិតពីមួយថ្ងៃទៅមួយថ្ងៃ ម្នាក់ត្រូវការជ្រើសរើសផ្លូវអ្វីខ្លះដើម្បីឲ្យជីវិតរបស់ខ្លួនរីកចម្រើន ក្នុងសេចក្តីសុខសាន្ត និងសុភមង្គល»។ លោកបញ្ជាក់ថា ទោះជ្រើសយកផ្លូវដើម្បីសេចក្តី តែមិនត្រូវមានចិត្តអាត្មានិយមឡើយ គឺ ត្រូវចែករំលែក ជាមួយបងប្អូនឯទៀត ដើម្បីបងប្អូនអាចរស់នៅក្នុងសេចក្តីសុខសាន្ត សុភមង្គល និងរីកចម្រើន។
ជាចុងក្រោយលោកអភិបាលបញ្ជាក់ឲ្យបងប្អូនទៅជាមនុស្ស ឬគ្រីស្តបរិស័ទសកម្ម ដោយខិតខំបំពេញកិច្ចគ្រប់យ៉ាងដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព ទាំងការសិក្សា ការគោរពចាស់ទុំ សម្រាប់យុវជនយុវានារី និងបម្រើបងប្អូនសម្រាប់គ្រីស្តបិរស័ទទាំងអស់។
បន្ទាប់ពីអភិបូជា លោកអភិបាល និងគ្រីស្តបរិស័ទទាំងអស់បានធ្វើដំណើរទៅដល់កន្លែងចាក់គ្រឹះសាងសង់សសរតម្កល់ជួង ដោយលោកអភិបាល លោកបូជាចារ្យ និងចាស់ទុំនៃព្រះសហគមន៍ដាក់ថ្ម ខ្សាច់ស៊ីម៉ង ក្នុងរណ្តៅគ្រឹះ បន្ទាប់មកលោកអភិបាលប្រោះទឹកព្រះពរ លើគ្រីស្តបរិស័ទនិងទីកន្លែងនោះទាំងមូលតាមជំនឿកាតូលិក៕
ដោយលី សុវណ្ណា