ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.១៤-២៤
ព្រះបាទហេរ៉ូដបានជ្រាប អំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្តបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ អ្នកខ្លះថា៖ «លោកជាព្យាការីអេលី» ហើយខ្លះទៀតថា៖ «លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើងវិញ»។ ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្តេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ព្រះនាងហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិតនិងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។
មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រីមេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អ ដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្តេចហេរ៉ូដនិងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាងទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី ? »។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត ! »។