ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៥.១-២០
ព្រះយេស៊ូនិងក្រុមសាវ័ក បានទៅដល់ត្រើយម្ខាង ក្នុងតំបន់កេរ៉ាសា។ ២កាលព្រះអង្គយាងឡើងពីទូកភ្លាម មានបុរសម្នាក់ខ្មោចចូល ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ ៣បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើងនិងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែគាត់នៅតែកាច់បំបាក់ច្រវាក់និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។ គាត់រស់នៅតាមទីបញ្ចុះសពនិងតាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែកព្រមទាំងយកថ្ម មកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី ! »។ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎ខ្មោចបិសាចចូរចេញពីអ្នកនេះទៅ ! »។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅខ្មោចថា៖ «ឯងឈ្មោះអី ? » ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្តេញពួកវាចេញពីស្រុកនោះ។ នៅក្បែរនោះមានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅតាមចង្កេះភ្នំ។
ពួកខ្មោចអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម។ ខ្មោចចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូក ដែលមានចំនួនប្រមាណជាពីរពាន់ក្បាលក៏បោលចុះតាមជំរាលភ្នំ តម្រង់ទៅសមុទ្រលង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលមានខ្មោចកងទ័ពចូលកាលពីមុន អង្គុយមានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែករៀបរាប់ប្រាប់គេ អំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ គេទូលអង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ។ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុន បានអង្វរសុំទៅជាមួយព្រះអង្គ។ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហប្ញទ័យអាណិតអាសូរ»។
បុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់ឲ្យប្រជាជន ក្នុងស្រុកដេកាប៉ូលដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់កោតស្ញប់ស្ញែងក្រៃលែង។