លោកអភិបាលអូលីវីយេ ស្នើឲ្យគ្រីស្តបរិស័ទយកវិរបុរសខ្មែរធ្វើជាគំរូ

លោកអភិបាលព្រះសបគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ បានស្នើដល់គ្រីស្តបរិស័ទ និងអស់លោកដែលជាបព្វជិត បព្វជីតា មានតួនាទីបម្រើព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពមេគង្គ ឲ្យយកចិត្តទុកដាក់បម្រើអ្នកតូចតាច ដោយមានវីរបុរសខ្មែរជាគំរូ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាថ្ងៃទី២៦ កុម្ភ: ២០២០ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យអភិបូជាចូលឆ្នាំថ្មីនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទទាំងអស់ជាពិសេសបព្វជិតបព្វជីតា ដែលរស់នៅលើទឹកដីកម្ពុជា ដោយយកវីរបុរសខ្មែរ ព្រះបាទជ័យវរន្ម័នទី៧ជាគំរូ ដោយមានចិត្តមេត្តាករុណា ព្រោះព្រះបាទជ័យរន្ម័នទី៧ បានបង្រួបបង្រួមប្រជារាស្ត្រឲ្យមានសន្តិភាពនៅក្នុងការកាន់ជំនឿសាសនា ជាមហាក្សត្រដែលចេញក្រៅរាជវាំងទៅសួរសុខទុក្ខប្រជារាស្ត្រ កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិឌ្ឍន៍គ្រប់វិស័យ និងមន្ទីរពេទ្យដែលជាសកម្មភាពមេត្តាករុណាសម្រាប់មនុស្សតូចតាចនៅក្នុងសង្គម។ លោកបញ្ជាក់ទៀតថា សូមឲ្យយើងចេះបើកភ្នែក មើលវីរបុរសខ្មែរ និងសន្តសន្តីធ្វើជាគំរូ ដើម្បីរស់នៅក្នុងសេចក្ដីសុខដែលមានព្រះជាម្ចាស់គង់នៅ និងមានសេចក្ដីសង្ឍឹមតទៅមុខទៀត លុះត្រាតែយើងចាក់ឫសនៅក្នុងការអធិដ្ឋាន និងសូត្រផ្គាំ។

នៅក្នុងឆ្នាំថ្មីនេះដែរ ក្រៅពីការណែនាំខាងលើ លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំថ្មីនេះសូមបងប្អូនយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ស្រឡាញ់ក្រុមគ្រួសារផ្ទាល់ខ្លួន និងចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ លោកបន្តទៀតថា ដោយសូមឲ្យក្មេងៗស្ដាប់បង្គាប់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏ត្រូវយល់ពីក្មេងៗវិញផងដែរ ដើម្បីឲ្យគ្រួសារមានសេចក្ដីសុខសភមង្គល។

Facebook
Twitter
LinkedIn