ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ២.០១-១២
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថាព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្តុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូល ឲ្យគេស្តាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះគេក៏ចោះដំបូលផ្ទះ ចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ពួកធម្មាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ៧«ហេតុដូចម្តេច បានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ ? ក្រៅ ពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្ស ឲ្យរួចពីបាបបាន ! »។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ ? បើខ្ញុំប្រាប់អ្នកពិការនេះថា ”ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ”ឬថា “ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង ? ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាបុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្ស នៅលើផែនដីនេះរួចពីបាបបាន»។ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ ! »។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាមយកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ ! »។