លោកបូជាចារ្យរឿង ឆ័ត្រសិរី និងលោកបូជាចារ្យដាវីឌ រួមជាមួយគ្រីស្តបរិស័ទពីភ្នំពេញជាង ៦០ នាក់ បានចូលរួមអបអរសាទរខួប ៥០ ឆ្នាំ នៃការបង្កើតព្រះសហគមន៍ព្រះនាងម៉ារី ជាមាតាព្រះជាម្ចាស់ ឫស្សីកែវ នៅភូមិស៊ូយកាត ភូមិភាគសួងឡុក ប្រទេសវៀតណាម នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោកអភិបាលស៊ូសេ ឌីង ឌុក ដាវ (Giuse Đinh Đức Đạo) ព្រមទាំងបូជាចារ្យជិត ២០ អង្គ និងគ្រីស្តបរិស័ទប្រហែល ២០០០ នាក់។
ប្រវត្តិព្រះសហគមន៍ឫស្សីកែវ នៅប្រទេសវៀតណាមសព្វថ្ងៃ
ព្រះសហគមន៍ឫស្សីកែវ ជាព្រះសហគមន៍ចំណាស់មួយនៅខណ្ឌឫស្សីកែវ នៅរាជធានីភ្នំពេញ ដែលធ្លាប់មានទីតាំងនៅកណ្តាលភូមិសាមគ្គីសព្វថ្ងៃនេះ។
តាមរយៈការខិតខំប្រកាសដំណឹងល្អរបស់សាសនទូតពីក្រុងប៉ារីស បានបង្កើតព្រះសហគមន៍ នៅតំបន់នោះនៅឆ្នាំ ១៨៦២ នៅសម័យលោកអភិបាលហ្សង់ ខ្លូត មីស្ស (Jean-Claude Miche, 1850 –1869) ដែលមានគ្រីស្តបរិស័ទភាគច្រើនជាវៀតណាម។ លោកបូជាចារ្យ និងគ្រីស្តបរិស័ទបានដាំដើមឫស្សីពណ៌បន្ថែមទៀតនៅក្នុងព្រះវិហារ។
នៅសម័យនោះអ្នកទទួលមើកការខុសត្រូវព្រះសហគមន៍ គឺជាលោកបូជាចារ្យបរទេសសាសនទូត ជាច្រើន ហើយមានគ្រីស្តបរិស័ទនៅព្រះវិហារនេះឡើងដល់មួយម៉ឺននាក់។ រហូតដល់ឆ្នាំ ១៩៧០
ជនជាតិវៀតណាមទាំងនោះត្រូវបង្ខំចិត្ត ឲ្យចាកចេញពីទឹកដីដែលពួកគាត់ធ្លាប់រស់នៅរាប់រយឆ្នាំ ដោយបោះចោលផ្នូររបស់ជីដូនជីតាទៅរស់នៅនៅប្រទេសវៀតណាម។
នៅពេលនោះចាប់ពីខែមិថុនា ដល់ ខែសីហា ឆ្នាំ ១៩៧០ ជនជាតិវៀតណាមត្រូវប្រមូលនៅ ៣ កន្លែងធំៗ គឺ នៅព្រះវិហារឫស្សីកែវចំនួន២ម៉ឺននាក់ នៅទេវវិទ្យាល័យផ្សារតូច១៣,០០០ នាក់ និង សាលារៀនបងស្រីឧបការគុណ ១៦,០០០ នាក់ ហើយត្រូវបញ្ជូនទៅវៀតណាមវិញ។
ការបញ្ជូនជើងចុងក្រោយនៅខែកញ្ញា មានប្រហែល៣០០នាវា នាំពួកគេចេញទៅតាមដងទន្លេមេគង្គ ទៅដាក់នៅ ត្រាណោក (Trà Nóc -Cần Thơ) និងវាចឹម៉ើយ (và Chợ Mới-An Giang)។
មាន បូជាចារ្យម្នាក់ ដែលគួរឲ្យចងចាំគឺ លោកពុក យ៉ូអាគីម ហូ វ៉ាងឡាត (Gioakim Hồ Quang Luật) បានប្រមូលគ្រីស្តបរិស័ទដែលចេញពីខណ្ឌឫស្សីកែវ ដែលខ្ចាត់ខ្ចាយនៅតំបន់ផ្សេងៗគ្នា ប្រហែល ២០០ គ្រួសារ មករស់នៅក្នុងតំបន់ព្រៃជិតភ្នំជឺចាន (Chứa Chan) នៅភូមិភាគស៊ួងឡុក ហើយបង្កើតព្រះសហគមន៍ ស៊ួយកាតទី ១ ដោយរក្សាឈ្មោះ “ឫស្សីកែវ” បន្តជីវិតព្រះសហគមន៍ ដែលមកពីកម្ពុជា។ ក្រៅពីគ្រួសារនីមួយៗត្រូវតស៊ូតាំងទីលំនៅផ្ទាល់ខ្លួននៅទីនោះ លោកយ៉ូអាគីម បានប្រមូលគ្រីស្តបរិស័ទជួយគ្នាសាងសង់ព្រះវិហារពីឫស្សី ប្រកតង់ពណ៌ខៀវ ដើម្បីប្រារព្ធបុណ្យព្រះយេស៊ូប្រសូតនៅឆ្នាំ១៩៧០។
ព្រះវិហារទីពីរ សាងសង់ពីឈើនៅឆ្នាំ ១៩៧២ ដោយអ្នកភូមិនិងយុវជន។ បន្តិចម្តងៗ ព្រះសហគមន៍បានរៀបចំរចនាសម្ពន្ធមានគណៈកម្មការ។ ចាប់ពីឆ្នាំ ១៩៩៣ គណៈកម្មការបានរៀបចំឡើង ហើយទទួលស្គាល់ពីភូមិភាគ។
លោកពុកយ៉ូអាគីម បានណែនាំថែទាំ អប់រំគ្រីស្តបរិស័ទក្នុងសភាពការដ៏លំបាកខាងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិហារក្នុងព្រះសហគមន៍គឺ កន្លែងលើកទឹកចិត្តពួកគេ។ លោកយ៉ូអាគីម ទោះបីសុខភាពខ្សោយ តែលោកហ៊ានសម្រេចចិត្តកសាងព្រះវិហារថ្មី ដែលជាព្រះវិហារសព្វថ្ងៃនេះ នៅឆ្នាំ ២០០២ ហើយលោកបានចូលនិវត្តន៍។
លោកបូជាចារ្យថ្មីដែលមកបន្តបេសកកម្មនៅទីនេះ គឺលោកពុក យ៉ូហាន បាទីស្ត ង៉ូ វ៉ាន់ បាវ (Ngô Văn Bao) លោកបន្តជំរុញគ្រីស្តបរិស័ទរួមដៃគ្នាសាងសង់រហូតបានចប់សព្វគ្រប់។ ហើយបានសម្ពោធ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៤។ លោកពុកមានសកម្មភាពជាច្រើនទៀត ដើម្បីឆ្លើយតបសេចក្តីត្រូវការខាងផ្លូវវិញ្ញាណ និងខាងសង្គមសម្រាប់កូនក្មេង និងអ្នកក្រីក្រ។
នៅឆ្នាំ ២០១៣ ព្រះសហគមន៍នេះ បានប្រារព្ធខួបគម្រប់ ១៥០ឆ្នាំ របស់ព្រះសហគមន៍ ដែលកកើតឡើង តាំងពីក្នុងទឹកដីកម្ពុជា រហូតដល់មកតាំងទីលំនៅថ្មីនៅវៀតណាមនេះ។
លោកបូជាចារ្យ ប៉ូល សុង ថាញ់ ហ្វុង (Dong Thành phong) ជាអ្នកទទួលខុសត្រូវថ្មី បានសហការជាមួយគ្រីស្តបរិស័ទសាងសង់អាគារសម្រាប់ការណែនាំថែទាំព្រះសហគមន៍ហើយបានសម្ភោធនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៧។
ថ្ងៃនេះគឺទី ១ ខែមករា ឆ្នាំ ២០២០ រួមជាមួយព្រះនាងម៉ារី ដែលជាមាតាព្រះជាម្ចាស់ ព្រះសហគមន៍ឫស្សីកែវនេះ បានប្រារព្ធបុណ្យគម្រប់ខួប ៥០ ឆ្នាំ របស់ព្រះសហគមន៍នេះដែលមានវត្តមាននៅវៀតណាម ក្រោមអធិបតីភាពលោកអភិបាលស៊ូសេ ឌីង ឌុក ដាវ (Giuse Đinh Đức Đạo) ព្រមទាំងបូជាចារ្យជិត ២០ អង្គ និងគ្រីស្តបរិស័ទប្រហែល ២០០០ នាក់។
បច្ចុប្បន្ននេះ ព្រះសហគមន៍ឫស្សីកែវនៅ ស៊ួយកាតទី ១ នេះ មានគ្រីស្តបរិស័ទជិត ៨០០០ នាក់ នៅភូមិស៊ួយកាត ស្រុកស៊ួនឡុក ខេត្តដងណាយ ប្រទេសវៀតណាម៕
ដោយលោកបូជាចារ្យរឿង ឆ័ត្រសិរី