លោក​មួងរស់ ទៅ​សិក្សា​នៅ​បរទេស​១​ឆ្នាំ

លោក​បូជាចារ្យ​មួង រស់ នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន​រយៈ​ពេល​១​ឆ្នាំ​។ លោក​នឹង​ចេញ​ពី​ទៅ​នៅ​យប់​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២០នេះ។ លោក​បូជាចារ្យ​មួង រស់ បាន​ឲ្យ​ដឹងថា លោក​នឹង​សិក្សា​លើ​មុខ​វិជ្ជា២ គឺ​ Pastoral Leadership and Management for the Mission និង Pastoral Renewal for Discipleship។ លោក​បូជាចារ្យ​បាន​បញ្ជាក់​ថា មុខវិជ្ជាទី​១​ គឺ​ជា​ការងារ​សម្រាប់​បម្រើ​ព្រះសហគមន៍​និង​រៀបចំ​កិច្ច​ការ​ប្រកាស​ដំណឹង​ល្អ ហើយ​មុខវិជ្ជាទី​២ គឺ​ការ​មើល​កិច្ច​ការងារ​របស់យើង​ឡើងវិញក្នុងនាម​យើង​ជា​សាវ័ក​របស់​ព្រះយេស៊ូ​គ្រីស្ត។

លោកបូជាចារ្យ​រូប​នេះ រំពឹងថា ក្រោយ​ពេល​រៀន​ចប់ នឹង​អាច​យក​ចំណេះ​ដឹង​និង​ជំនឿ​ថែម​ទៀត​ ត្រឡប់​មក​ភូមិភាគ​បាត់ដំបង​ ដើម្បី​បម្រើ​កិច្ច​ការងារ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​នៅ​ប្រទេស​កម្ពុជា។

លោក​បូជាចារ្យ​មួងរស់ បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​កាតូលិក​នា​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។

លោក​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ លោកបាន​ទទួល​ខុស​ត្រូវលើ​ព្រះសហគមន៍​ចំនួន​២ គឺ​ព្រះសហគមន៍​ស្នឹង និង​ព្រះសហគមន៍​ប៉ៃលិន។ ជាមួយ​គ្នានោះ​ដែរ លោក​ក៏​ទទួល​​ខុស​ត្រូវ​លើ​កម្មវិធី​យុវជន​ទូទាំង​ភូមិភាគ​បាត់ដំបងផងដែរ និង​កិច្ច​ការងារ​មួយ​ចំនួន​ទៀត។ ​ ​

លោក​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នេះ លោក​សប្បាយ​រីក​រាយ​ដែល​បាន​បម្រើ​ព្រះសហគមន៍​ ទោះបី​កិច្ច​ការងារ​ខ្លះ​មិន​សូវ​ស្រួល​ តែ​លោក​ពេញ​ចិត្ត​បម្រើ​​ «ធ្វើ​ឲ្យ​ខ្ញុំរីក​ចម្រើន ​មាន​ភាព​ចាស់​ទុំបន្តិច​ម្តងៗតាម​ផ្លូវ​វិញ្ញាណ…ដែល​បាន​ធ្វើ​ការ​ងារ​របស់​ព្រះជាម្ចាស់»៕

កែវ កញ្ញា

Facebook
Twitter
LinkedIn