ព្រះបន្ទូលដំណឹងល្អ សន្តសន្តយ៉ូហាន ១.១៦-២៨
ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវី ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហានដើម្បីសួរថា៖ «លោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ»។ ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការីដែលយើងរង់ចាំជនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។ លោកយ៉ូហានមានប្រសាសន៍ថា៖
«ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក
នៅវាលរហោស្ថាន*ថាៈ
“ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់”
ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ដ មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។