ដើម្បីអបអរសាទរ ឆ្នាំសកល នាថ្ងៃទី១ មករានេះ ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកចម្ការទៀង បានរៀបចំឲ្យមានការប្រកួតខ្លែងឯកចំនួន ១៨០ ការប្រណាំងរទេះគោ១០នឹម ប្រណាំងជិះសេះ១០ក្បាល ដែលមានប្រជាពលរដ្ឋមកពីបណ្តាភូមិឃុំនានាក្នុងស្រុកត្រាំកក់ នៃខេត្តតាកែវ។
ក្នុងកម្មវិធីនេះ មានការចូលរួមពីលោកអភិបាលអូលីវីយេ រួមនិងប្រធានស្តីទីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ថ្នាក់ដឹកនាំឃុំគូស និងព្រះសង្ឃនិងគណៈកម្មការវត្តអង្គមន្ត្រី និងប្រជាពលរដ្ឋនានាដែលមកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
លោកអភិបាលអូលីវីយេ បានមានប្រសាសន៍សំណេះសំណាលបើកកម្មវិធីនេះថា លោកសូមស្វាគមន៍ដល់អស់លោកមន្ត្រីនិងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងថ្ងៃនេះ។ កម្មវិធីថ្ងៃនេះ គឺហាក់ដូចជាអបអរសាទរឆ្នាំថ្មី។
លោកអភិបាលអូលីវីយេ «យើងមានលោកតាលោកយាយ ទាំងអ្នកភូមិយ៉ាងច្រើនដែលមកពីឃុំគូស ដែលយើងមាន៣០ភូមិដែលចូលរួមថ្ងៃនេះ។ ដូច្នេះ នេះជាឱកាសមួយឆ្លងឆ្នាំនៅក្នុងលក្ខណៈ ដែលជាគ្រួសារមួយ ដែលចេះសហការជាមួយគ្នា ចេះសប្បាយជាមួយគ្នា រួមជាមួយវត្តអង្គមន្ត្រី…ជាលក្ខណៈមួយបង្ហាញថា យើងទាំងអស់គ្នាខិតខំកសាងប្រទេសរបស់យើង ជាគ្រួសារតែមួយដែលថែរក្សាសុខដុមរមនា ថែរក្សាមិត្តភាព ភាតរភាព»។
លោកអភិបាលសង្ឃឹមថា ការជួបជុំនេះ នឹងនាំឲ្យមានភាពរួមគ្នាដើម្បីកសាងប្រទេសកម្ពុជានាពេលខាងមុខ។ លោកអភិបាល«ខ្ញុំជឿថា កម្មវិធីថ្ងៃនេះ អាចមានឥទ្ធិពលសម្រាប់មួយឆ្នាំខាងមុខ ដោយយល់ថា យើងជាប្រជាជនតែមួយដែលនឹកឃើញវប្បធម៌របស់យើង ដែលនឹកឃើញបុព្វបុរសដែលបានកសាងប្រទេសអស់ពីសមត្ថភាព ហើយយើងបន្តតួនាទីនិងការងាររបស់បុព្វបុរសរបស់យើងដើម្បីកសាងប្រទេសរបស់យើងនៅថ្ងៃអនាគតទៀត»។
កម្មវិធីបង្ហោះខ្លែងឯកនេះ បានធ្វើឡើងរយៈពេល១០ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
លោកមាគ ស៊ន ដែលជាគណៈកម្មការរៀបចំកម្មវិធីនេះ មានប្រសាសន៍ថាកម្មវិធីនេះ គឺធ្វើឡើងដើម្បីថែរក្សាវប្បធម៌របស់ខ្មែរដែលមានតាំងពីយូរយារមកហើយ។ លោក មាគ ស៊ន «លើកទី១០ហើយ ដែលយើងបានរៀបចំ កម្មវិធីនេះ ដែលនាំឲ្យបងប្អូនមានអំណរសប្បាយចូលរួមថែរក្សាប្រពៃណីវប្បធម៌ ក៏ដូចជាថែរក្សាកេរ្តិ៍មរតកដូនតាយើង ដែលបានបន្សល់ទុកសម្រាប់កូនចៅ ជំនាន់ក្រោយ»។
កម្មវិធីនេះ មានជារៀងរាល់ឆ្នាំ ស្ថិតក្នុងភូមិចម្ការទៀង។ លោកស៊ន បន្ថែមថា «នេះជាអ្វីមួយដែលបញ្ជាក់ថា យើងកំពុងតែធ្វើអ្វីមួយដើម្បីការពារឲ្យយើងមានសមិទ្ធផលពីបុរាណរបស់យើង មាននៅក្នុងស្រុកភូមិរបស់យើងផងដែរ។