ពាក្យ​លំនាំ

ពេល​ព្យាការី​សេផា‌នី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទៅ​ថ្លែង​ប្រាប់​ប្រជាជន​យូដា​នោះ ប្រហែល​ជា​នៅ​ចុង​សតវត្ស​ទី​៧ មុន​គ្រីស្ត‌សករាជ។ ពេល​លោក​ថ្លែង​ព្រះ‌បន្ទូល​នេះ ព្រះ‌បាទ​យ៉ូស្យាស​ពុំ​ទាន់​បាន​ធ្វើ​ការ​កែ​ទម្រង់​ជំនឿ​សាសនា​នៅ​ឡើយ​ទេ (សូម​អាន ២​ពង្ស.២៣:១-២៨) ហើយ​ស្រុក​យូដា​កំពុង​តែ​ឆ្លង​កាត់​ស្ថាន‌ភាព​មួយ​ដ៏​សែន​លំបាក។ ដូច្នេះ ប្រហែល​ជា​លោក​បម្រើ​ព្រះ‌ជាម្ចាស់​មុន​ព្យាការី​ហាបា‌គូក។ នៅ​គ្រា​នោះ អ្នក​ដែល​មាន​ចិត្ត​សង្ស័យ​ហើយ​ចោទ​សួរ​ថា តើ​ព្រះ‌ជាម្ចាស់​រវី‌រវល់​នឹង​មនុស្ស​លោក​ឬ​យ៉ាង​ណា? តើ​ព្រះ‌អង្គ​ពិត​ជា​គ្រប់‌គ្រង​លើ​ប្រវត្តិ‌សាស្ត្រ​មែន​ឬ​ទេ? ព្យាការី​សេផា‌នី​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​អន្តរា‌គមន៍​មក​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ តាម​របៀប​ពីរ​យ៉ាង: មុន​ដំបូង​ព្រះ‌អង្គ​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម (១:១-២:៣) ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ដែល​នៅ​ជុំ‌វិញ​ជន​ជាតិ​យូដា (២:៤-១៥)។ បន្ទាប់​មក ព្រះ‌អង្គ​នឹង​ស្តារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​ចេញ​អស់​ពី​ទីក្រុង ហើយ​ទុក​ឲ្យ​មាន​ប្រជាជន​មួយ​ចំនួន ដែល​ក្រីក្រ​ទុរគត និង​មាន​ចិត្ត​ទន់‌ទាប ឲ្យ​នៅ​សេស‌សល់ ក្នុង​គោល​បំណង​បំផ្លាស់​បំប្រែ​មនុស្ស​ជាតិ​ទាំង​មូល (៣:១-២០)។

លោក​សេផា‌នី​ប្រកាស​ថា ដរាប​ណា​ប្រជាជន​មិន​ព្រម​កម្ចាត់​មនុស្ស​ដែល​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​អស់​ពី​ក្នុង​ចំណោម​ពួក​គេ​ទេ នោះ​ពួក​គេ​ពុំ​អាច​មាន​ទំនាក់‌ទំនង​ដ៏​ពិត​ប្រាកដ​ជា​មួយ​ព្រះ‌អង្គ​បាន​ឡើយ។ ប៉ុន្តែ លោក​សម្ដែង​ភាព​ទន់‌ភ្លន់​ចំពោះ​មនុស្ស​ទន់‌ទាប​នៅ​ក្នុង​ស្រុក (២.៣, ៣.១២)។