ជំពូក ៣

អ្នក​ក្រុង​យេរូ‌សាឡឹម​មិន​ព្រម​ស្ដាប់​ព្រះ‌អម្ចាស់

1 យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន
ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ
ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។
2 ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់
ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។
ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។
3 មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ
ដែល​គិត​តែ​ពី​គ្រហឹម។
ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក
ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច
ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ
នៅ​ពេល​ព្រឹក​ឡើយ។
4 ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង
ហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។
បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ
ដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​វិន័យ។
5 ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ
ព្រះ‌អង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ
រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​យុត្តិធម៌
ឲ្យ​ពួក​គេ​ឃើញ​ច្បាស់
មិន​ដែល​អាក់‌ខាន​ទេ។
ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។
6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានា
យើង​បំផ្លាញ​ប៉ម​ការ‌ពារ​ក្រុង​របស់​ពួក​គេ
យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ
គ្មាន​មនុស្ស​ដើរ!
ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ
លែង​មាន​ប្រជាជន​រស់​នៅ​ទៀត។
7 យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច
និង​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​ពី​យើង
ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ
វិនាស​អន្តរាយ​ទេ”។
ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ
ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប
គ្រប់​បែប​យ៉ាង។
8 ហេតុ​នេះ ចូរ​ចាំ​យើង​សិន!
ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។
យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ
យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង
ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ
ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ
ផែន‌ដី​ទាំង​មូល
-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូល​សន្យា

9 ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់
ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ
ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក
នាម​យើង​ជា​ព្រះ‌អម្ចាស់
ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។
10 អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ
ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី
នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។
11 នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់
ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
ដែល​អ្នក​បាន​ប្រព្រឹត្ត
គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង
ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង
ចេញ​ពី​ចំណោម​អ្នក
ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ
ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។
12 យើង​នឹង​ទុក​ប្រជាជន​មួយ​ចំនួន
ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់
ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក
ប្រជាជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង
ដែល​ជា​ព្រះ‌អម្ចាស់។
13 ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់
លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក
និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ
ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត
គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។
14 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ!
ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស!
ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!
15ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក
ព្រះ‌អង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។
ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃ
ជន​ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក
អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។
16 នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់
ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ!
ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!
17ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​ជា​មួយ​អ្នក
ព្រះ‌អង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។
ព្រោះ​តែ​អ្នក ព្រះ‌អង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។
ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។
ព្រោះ​តែ​អ្នក ព្រះ‌អង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។
18 «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ
ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ
គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក
ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។
19 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស
ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។
យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច
ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។
យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស
និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង
ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។
20 នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ
ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្តុំ​អ្នក​រាល់​គ្នា
ពេល​យើង​ស្តារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ
នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន
កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម
ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។