ជំពូក ៣

ព្រះ‌អម្ចាស់​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​លើ​មនុស្ស​ទាំង​អស់​

1(២.២៨) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

ក្រោយ​មក​ទៀត

យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង

មក​លើ​មនុស្ស​លោក​ទាំង​អស់។

កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា

នឹង​ថ្លែង​ព្រះ‌បន្ទូល

ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត

ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។

2(២៩) ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី

ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង

ទៅ​លើ​ពួក​គេ​ដែរ។

3(៣០) យើង​នឹង​សម្ដែង​ឫទ្ធិ‌បាដិហារិយ៍

នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី

គឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។

4(៣១) ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់

គឺ​ជា​ថ្ងៃ​ដ៏​ឧត្តុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច

ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មី

ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។

5(៣២) ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម

ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។​

នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម

អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ

ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។

អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់‌ហៅ

នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។