ជំពូក ១

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេទូ‌អែល។

សត្វ​កណ្ដូប​ស៊ី​បង្ហិន​ភោគ‌ផល

2 ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់!

អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!

តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាន

នៅ​ជំនាន់​អ្នក​រាល់​គ្នា

ឬ​នៅ​ជំនាន់​ដូន‌តា​របស់​អ្នក​រាល់​គ្នា?

3 ចូរ​រៀប‌រាប់​ហេតុ‌ការណ៍​នេះ

ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា

ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា

រៀប‌រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន

រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប‌រាប់​ប្រាប់​ជា​បន្ត

ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។

4 អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់

នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន

អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់

នោះ​មាន​ចង្រិត​ស៊ី​បង្ហិន

ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់

នោះ​មាន​ក្រា​ស៊ី​បង្ហិន។

5 មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង

ហើយ​នាំ​គ្នា​យំ​សោក!

អស់​អ្នក​ចំណូល​ស្រា​អើយ

ចូរ​សោក‌សង្រេង​ទៅ!

អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។

6 មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ

មក​ប្រហារ​ស្រុក​របស់​យើង

ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា

មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល

និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

7 ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​យើង

ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង

ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់

បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

8 ចូរ​សោក‌សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ

ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9 គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ

មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ

ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ

ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

10 ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់

សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ

គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី

ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។

11 អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត

អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​សោក‌សង្រេង

ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ

ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។

12 ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​អស់

ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់

រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត

ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ

ក៏​ងាប់​អស់​ដែរ

ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់‌បង់​អំណរ​សប្បាយ។

13 ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ

ហើយ​កាន់​ទុក្ខ​ទៅ!

អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈ

ចូរ​សោក‌សង្រេង​ទៅ!

អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ

ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ

ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ

មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា

នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។

14 ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ

ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។

ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជាជន

នៅ​ក្នុង​ស្រុក​ទាំង​មូល

ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់

ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

ហើយ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយ​ទៅ!

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់‌ពេក​ក្រៃ!

ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ

គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត

យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

16 ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់

ពី​មុខ​ពួក​យើង

ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង

ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ

ទៀត​ដែរ។

17 គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់

ជង្រុក​ស្រូវ​នៅ​ទទេ

ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់

ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។

18 ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ

ហ្វូង​គោ​ខ្ចាត់‌ព្រាត់​ទៅ​គ្រប់​ទី​កន្លែង

ព្រោះ​គ្មាន​ស្មៅ​ស៊ី

សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។

19ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ

ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ

អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន

នៅ​តាម​ចម្ការ។

20 សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌អង្គ​ដែរ

ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់

ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។